សម្រាមហួសថ្លែងរដូវបុណ្យភ្ជុំផង លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខគ្មានវិធានការ
ភ្នំពេញ ៖ កំណត់ផ្លូវបេតុងក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្លាយទៅជាទីលានចាក់សម្រាមបាត់ទៅហើយ ខណៈដែលអជ្ញាធរខណ្ឌសែនសុខ គ្មានវិធានការទាល់តែសោះ ទៅលើផ្នែកបរិស្ថាន បណ្តែតបណ្តោយ ឲ្យប្រជាពលរដ្ឋមួយចំនួនតូច ដឹក សម្រាមយកទៅចាក់រាយប៉ាយតាមផ្លូវបេតុង ចំណុចខាងលើ ។
តាមប្រជាពលរដ្ឋ បានលើកឡើងថា ទីតាំងខាងលើ ក្លាយទៅជាទីលានចាក់សម្រាមសុិនទ្រីទី២បាត់ទៅហើយ ស្របពេលដែលអាជ្ញាធរ មិនអើពើ ព្រងើយកន្តើយ មិនបានយកចិត្តទុកដាក់ ទៅលើបរិស្ថាន បង្កឲ្យតំបន់អួរអ័ព្វ ពេញទៅដោយសម្រាម កាកសំណល់ ហូរហៀរ ពាសពេញ មកលើផ្លូវទៀតផង ក្លិន ស្អុយគគ្រុក ហូរទឹកស្អុយ មកលើផ្លូវ ប្រសិនបើ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ធ្វើដំណើរតាមម៉ូតូ ប្រាកដជាលោកទ្រាំមិនបាននូវដង្ហើមស្រូបក្លិនស្អុយនេះដូចគ្នា ។
ពលរដ្ឋបន្តទៀតថា ពេលធ្វើដំណើរឆ្លងកាត់ម្តងៗ ទប់ដង្ហើមស្ទើរដាច់ខ្យល់ទៅហើយ តែធ្វើដូចម្តេច កាលបើ ផ្លូវត្រូវ ធ្វើដំណើរជាចាំបាច់ ទាំងយប់ថ្ងៃទៅហើយ ។
ដោយក្នុងមូលដ្ឋាន បរិស្ថានពេញដោយគំនរសម្រាម ស្អុយរលួយ បង្កផលប៉ះពាល់ដល់ជីវិតរស់នៅ សោភ័ណ្ឌភាព ក្នុងសង្គម ប្រជាពលរដ្ឋ ទទូចស្នើសុំដល់ លោក ម៉ូវ ម៉ានិត អភិបាល នៃគណអភិបាលខណ្ឌសែនសុខ ជាម្ចាស់ទឹក ដី ផ្ទាល់ មេត្តាចាត់មន្ត្រីពាក់ព័ន្ធ ចុះមកពិនិត្យ រៀបចំកែលម្អ សម្រួលបរិស្ថានត្រង់ចំណុចខាងលើ ឲ្យបានប្រសើរឡើងវិញផង បើមិនបានទៅវត្តធ្វើបុណ្យ ខែបិណ្ឌ ភ្ជុំ ចាត់កម្លាំង ប្រើវិធានការ គំនរសម្រាម ចំណុចខាងលើ ជួយដល់ពលរដ្ឋរបស់លោក ក៏លោកបានបុណ្យដែរ ។
ពលរដ្ឋលើកឡើងថា ការសន្យារបស់ លោក គាត រង្សី នាឱកាស ផ្តាស់ប្ដូរមុខតំណែង ពីខេត្តកំពង់ស្ពឺ មកធ្វើជាប្រធានមន្ទីរបរិស្ថានក្រុងភ្នំពេញ សង្ស័យលោកភ្លេចទេដឹង ពាក្យសន្យា ការឡើងប្តេជ្ញាចិត្ត នឹងកែប្រែសោភ័ណ្ឌទីក្រុងភ្នំពេញឲ្យស្រស់បំព្រង តែផ្ទុយទៅវិញ តាំងពីដើមខែឧសភា ឆ្នាំ២០១៨ តាំងពីលោកចូលកាន់តំណែងកាលណាមក ទីក្រុងភ្នំពេញ កាន់តែយ៉ាប់ជាងមុនទៅទៀត តាមផ្លូវ តាមភូមិ សុទ្ធតែសម្រាម រួមផ្សំជាមួយរថយន្ត ភ្នាក់ងារប្រមូល យឺតយ៉ាវ៣ថ្ងៃរហូត ១សប្តាហ៍ ទើបឃើញមកប្រមូលម្តង ទៀត សម្រាមចេញទឹករង៉ៃបាត់ទៅហើយ លោកប្រធានមន្ទីរ អាចដេកទ្រាំហិត ក្លិនស្អុយ ចេញពីគំនរសម្រាមនេះបានទេ ? ពោលគ្មានយន្តការណាមួយ គ្រប់គ្រងបញ្ហាសម្រាមបាននៅឡើយ ហើយក៏បានបុគ្គលមួយចំនួនតូច ដែលដឹកសម្រាម ចាក់ខុសគោលដៅ ទើបធ្វើឲ្យបរិស្ថាននៅតាមតំបន់មួយចំនួន ក្លាយជាអ័ព្វអូួរ ៕