មន្រី្តរាជការខេត្តកណ្ដាល កាន់បិណ្ឌទី១ នៅវត្តប្រជុំនទីក្រពើហា
នៅព្រឹកអង្គារ៍ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ រួមជាមួយមន្រី្តរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត រាប់បាត្រ កាន់បិណ្ឌទី១ នៅវត្តប្រជុំនទីក្រពើហា ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវប្រកាន់ទំនៀមទម្លាប់ប្រពៃណីខ្មែរ គឺមនុស្សគ្រប់រូបត្រូវតាំងចិត្តបំពេញសេចក្ដីល្អ នឹងមានភាពកត្តញ្ញូ ដឹងគុណនឹកឃើញដល់ឪពុកម្ដាយ សាច់ញាតិ និងសាច់សារលោហិត ៧សន្ដានដែលធា្លប់មានគុណលើខ្លួន ទាំងអ្នកលាចាកលោកទៅ និងអ្នកដែលនៅរស់។ ពិធីបុណ្យកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ គឺជាឱកាសឲ្យសាច់ញាតិទាំងឡាយដែលនៅផ្សេងគ្នា មកជួបជុំគ្នា បង្កើនឲ្យមានសាមគ្គីភាពគ្នា នឹងបណ្ដុះស្មារតីឲ្យមនុស្សលះបង់សេចក្ដីអាក្រក់គ្រប់យ៉ាង។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម លោកជំទាវ និងពុទ្ធបរស័ទ បានប្រគេនទេយ្យវត្ថុ សំភារបរិក្ខារ និងបច្ច័យចំនួន ១៤,៦៨០,,០០០រៀល អង្ករ១០បាវ ទឹកសុទ្ធ១០កេស ទឹកក្រូច១០កេស និងមី១០កេស ដែលកើតឡើងដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងវេនទី១ និងមន្ត្រីរាជការក្នុងខេត្តកណ្តាល៕