អង្គការយូនីសេហ្វនឹងបន្តជួយដល់កម្ពុជាក្នុងការជំរុញការកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងជំនួបសម្តែងការគួសម  និងជម្រាបលា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពេលឱកាសបញ្ចប់បេសកកម្មនៅកម្ពុជា លោកស្រី ដេបូរ៉ា កូមីនី ប្រធានអង្គការយូនី សេហេ្វ ប្រចាំកម្ពុជា បានមានប្រសាសន៏ថា អង្គការយូនីសេហ្វ នឹងបន្តជួយដល់កម្ពុជា ក្នុងការជំរុញការកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅកម្ពុជាដើម្បីលើកកម្ពស់សុខុមាលភាពស្ត្រីមានផ្ទៃពោះ និងកុមារនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។ 

លោកស្រី ដេបូរ៉ា កូមីនី មានប្រសាសន៏បន្តថា  លោកស្រីមានចិត្តសប្បាយរីករាយ និងសូមអរគុណចំពោះក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលកន្លងបានសហការយ៉ាងជិតស្និត និងទូលំទូលាយជាមួយអង្គការយូនីសេហ្វ ដែលធ្វើឲ្យបេសកកម្មការងាររបស់លោកស្រីនៅកម្ពុជាទទួល បាន ជោគជ័យ លើការងារគាំពារសង្គម សន្តិសុខស្បៀង និងអាហារូបត្ថម ដែលបង្ហាញពីវឌ្ឍនភាព និងលទ្ឋ ផលគួរឲ្យកត់សម្គាល់នាពេលកន្លងមក។ លោកស្រីលើកឡើងថា ការងារគាំពារសង្គម ដែលអន្តរាគមន៍ផ្ទាល់ដោយសម្តេចតេជោនាយករដ្ឋមន្ត្រីទទួលបានជោគជ័យខ្លាំងណាស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់អង្គការយូនីសេហ្វ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម ជាពិសេសការជួយដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និងកុមារ ដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងយុទ្ឋសាស្ត្រគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្តថា ការចូលរួមរបស់អង្គការយូនីសេហ្វ គឺពិតជាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងអាណត្តិទី៦នេះ ឯកកឧត្តមនឹងបន្តជំរុញឲ្យបានខ្លាំងក្លាថែមទៀតលើវិស័យកសិកម្ម សុខាភិបាល អភិវឌ្ឍន៍ជនបទ ទឹកស្អាត និងអនាម័យ ដើម្បីជំរុញលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អទិភាពខ្ពស់ណាស់លើការងារសន្តិសុខស្បៀង អាហារូបត្ថម្ភ និងកិច្ចគាំពារសង្គម ទឹកស្អាត និងអានាម័យ ព្រោះវាជាស្នូលនៃការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍសង្គម ការកែលម្អកម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលបានកំណត់ថា នៅត្រឹមឆ្នាំ២០២៥ កម្ពុជានឹងមានទឹកស្អាតគ្រប់ទីកន្លែង និងមានបង្គន់អនាម័យប្រើប្រាស់ក្នុងបរិស្ថានល្អប្រកបដោយនិរន្តរភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការគាំពារសង្គម និងការធានារាប់រងសង្គម ត្រូវបានផ្ទេរទៅក្រោមការគ្រប់គ្រោងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រីជាអ្នកត្រួតពិនិត្យដោយផ្ទាល់ ហើយយើងទទួលបានផ្លែផ្កាច្រើនណាស់ ក្នុងនោះ ដូចជាកម្មការីនីឆ្លងទន្លេ អាចសម្រាកបាន៣ខែ ដោយទទួលបានប្រាក់ឧបត្ថម្ភ១២០%នៃប្រាក់ខែ និងទទួលបាន៤០ម៉ឺនរៀលសម្រាប់ទារកម្នាក់ តែបើកូនភ្លោះ នោះនឹងបាន៨០ម៉ឺនរៀល កម្មករ កម្មការីនីទាំងអស់មានប្រាក់សោធនិវត្តន៍ដូចមន្ត្រីរាជការដែរ កម្មករ កម្មការីនីទាំងក្នុងប្រព័ន្ឋ និងក្រៅប្រព័ន្ឋអាចទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃជាដើម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner