ក្រសួងទេសចរណ៍ប្រកាសបើកចលនាប្រឡងប្រណាំង “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត” លើកទី១ ឆ្នាំ២០១៨
កាលព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រសួងទេសចរណ៍ ប្រកាសបើកចលនាប្រឡងប្រណាំង “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត ” លើកទី១ ឆ្នាំ២០១៨ សំដៅអភិវឌ្ឍន៍វិស័យ ទេសចរណ៍កម្ពុជាឱ្យកាន់តែមានការរីកចម្រើន។ ឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ក្មួយៗ ប្រតិបត្តិករភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងវិស័យទេសចរណ៍ដែលបានផ្តល់នូវកិត្តិយសចូលរួមក្នុងពិធីប្រកាសចលនាប្រឡងប្រណាំង “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត ”ឆ្នាំ ២០១៨នាថ្ងៃនេះ និងដែលតែងតែចូលរួមសហការយ៉ាងសកម្មក្នុង សកម្មភាពផ្សេងៗរបស់ក្រសួងទេសចរណ៍សំដៅអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានការរីកចម្រើន។
ឯកឧត្តមបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសណ្ឋាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យទេសចរណ៍មានការីកចម្រើនគួរជាទីមោទនៈផងដែរ។ វិស័យទេសចរណ៍កម្ពុជាត្រូវបានចាត់ទុក ជាវិស័យអាទិភាពមួយដើរតួជា “មាសបៃតង” រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែកគាំទ្រដល់ ការសម្រេចបាននូវគោលដៅអភិវឌ្ឍសហសវត្សរ៍ ក្រោយឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ។ គួររំលឹកថា គិតត្រឹមខែសីហា ឆ្នាំ២០១៨នេះ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសមានចំនួន ២,៤០០ ស្មើនឹង១៣៩,៣៤៧កៅអី ក្នុងនោះនៅភ្នំពេញមានចំនួន៥៥៤ ភោជនីយដ្ឋាន ត្រូវនឹង ៥៨,៥០៥កៅអី នៅសៀមរាបមានភោជនីយដ្ឋានចំនួន ២៧០ ដែលមាន ២១,០៤៧កៅអី និងនៅតំបន់ឆ្នេរមាន៤១០ភោជនីយដ្ឋាន ត្រូវនឹង៤៦,៧០៥កៅអី។
ឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីស្តី បន្ថែមថា ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រកបដោយសុទិដ្ឋិនិយម យើងត្រូវបន្តកិច្ចខិតខំប្រឹងប្រែងក្នុង ការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់កម្ពុជាស្អាត និងបៃតង ដោយក្នុងនោះការបង្កើតផលិតផលទេសចរណ៍ និងការបង្កើនគុណភាពផលិតផល និងសេវាទេសចរណ៍ត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះចម្បង ចូលរួមធានា ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយប្រសិទ្ធភាព គុណភាព និរន្តរភាព និងការទទួលខុសត្រូវ។ ទន្ទឹមនេះដែរ ក្រសួងទេសចរណ៍ បាននិងកំពុងអនុវត្តការងារមួយចំនួន ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍផលិតផលទេសចរណ៍ ប្រកបដោយគុណភាព និងចិរភាព រួមមានការដាក់ចេញការអនុវត្តយន្តការពង្រឹងប្រព័ន្ធវាយ តម្លៃចំណាត់ថ្នាក់សេវាស្នាក់នៅ ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត” ចលនាប្រឡងប្រណាំងរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ចលនាប្រឡងប្រណាំង“រមណីយដ្ឋានទេសចរណ៍គំរូ” ចលនាប្រឡងប្រណាំង“ បដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍” ជាដើម ហើយថ្ងៃនេះក្រសួងទេសចរណ៍ ដាក់ចេញចលនាប្រឡងប្រណាំង “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត” លើកទី១ ឆ្នាំ២០១៨។ ជាមួួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យភោជនីយដ្ឋាន អាហារទេសចរណ៍ ចុះឈ្មោះចូលរួមប្រឡងប្រណាំងនេះ និងអនុវត្តតាមបញ្ញត្តិនៃការប្រឡងប្រណាំងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ ឯកឧត្តមអំពាវនាវដល់ប្រជាពលរដ្ឋ អតិថិជន ជាភ្ញៀវទេសចរចូលរួមចុះឈ្មោះ និងប្រើប្រាស់កូនសៀវភៅ Green Passport សម្រាប់ចលនាប្រឡងប្រណាំងភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាតនេះ ដោយឈរលើទស្សនទាន “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” សម្រាប់កម្ពុជាស្អាត កម្ពុជាបៃតង៕