រថយន្តស៊េរីទំនើបបុកម៉ូតូឥណ្ឌាពីក្រោយពេញទំហឹងបណ្ដាលឲ្យស្ត្រីម្នាក់ជាភ្ញៀវរងរបួសធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ស្ត្រីម្នាក់ដែលជិះម៉ូតូឥណ្ឌាបានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រោយពីជួបករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីសGS300 បុកជាមួយម៉ូតូឥណ្ឌាពីក្រោយពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ គេឃើញភាគីខាងម៉ូតូឥណ្ឌា បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចទៅកើត និងបានដឹកស្ត្រីម្នាក់ជាភ្ញៀវរួមដំណើរជាមួយ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-4744 បានធ្វើដំណើរតាមក្រោយយ៉ាងលឿន ហើយក៏ជ្រុលទៅបុកម៉ូតូឥណ្ឌាពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូឥណ្ឌាជ្រុលទៅបុកស្លាកបង្ហាញចរាចរណ៍វៀចមួយដើម ព្រមទាំងបណ្ដាលឲ្យស្ត្រីដែលជាភ្ញៀវរងរបួសធ្ងន់។

ក្រោយកើតហេតុភ ស្ត្រីម្នាក់ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្ក្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនមួយដឹកយកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូឥណ្ឌា ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner