ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងអះអាងថា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនាពេលឆាប់ៗខាងមុខនេះ
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា លោកនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលក្នុងអនាគតដ៏ខ្លីខាងមុខនេះ ខណៈលោក និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ក៏បានឯកភាពគ្នាដែរថា នឹងប្រឹងប្រែងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការគំរាមកំហែង។
ការលើកឡើងរបស់លោក គីម ជុងអ៊ុន ខាងលើនេះ ធ្វើឡើងនៅក្នុងជំនួបមួយទល់នឹងមួយជាមួយលោក មូន ជែអ៊ីន នាឱកាសចូលរួមក្នុងកិច្ចចរចាជុំទី២ នៅក្នុងថ្ងៃពុធនេះ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅឯវិមានរដ្ឋ ភែកហ្វាវ៉ុន ក្នុងទីក្រុងព្យុងយ៉ាង ហើយមិនតែប៉ុណ្ណោះ នៅក្នុងជំនួបនោះ មេដឹកនាំទាំងពីរក៏បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយផងដែរ ប៉ុន្តែភា្លមៗមិនទាន់មានការបញ្ជាក់លម្អិតអ្វីនៅឡើយទេ។
សូមជម្រាបថា បើតាមការគ្រោងទុកនោះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នឹងត្រូវត្រឡប់ទៅកាន់ទីក្រុងសេអ៊ូលវិញ នៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ហើយរូបលោកក៏នឹងត្រូវបន្តធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីជួបជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នាឱកាសចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្ដាហ៍ក្រោយនេះ៕