គណបក្សខ្មែរតែមួយរបស់ប្អូនប្រុសលោកកែម ឡី ចេញសេចក្តីថ្លែងការណ៍អបអរសាទរចំពោះរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៦
គណបក្សខ្មែរតែមួយរបស់លោក កែម រិទ្ធិសិត ប្អូនប្រុសបង្កើតរបស់លោក កែម ឡី នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍អបអរសាទរចំពោះការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី អាណត្តិទី៦។ តាមសេចក្តីថ្លែងការណ៍របស់គណបក្សខ្មែរតែមួយ នៅថ្ងៃទី៦ ខែកញ្ញានេះ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាបានអនុវត្តនូវរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ននេះ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅក្នុងនីតិកាលអាណត្តីនីមួយៗ គឺបានបង្ហាញពីគោលការណ៍ប្រជាធិបតេយ្យសេរី ការគោរពសិទិ្ធមនុស្ស និងការគោរពឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោតបានសម្រេចចិត្តបោះឆ្នោត ជ្រើសរើសមេដឹកនាំប្រទេសកម្ពុជារបស់ខ្លួន។
សេចក្ដីថ្លែងការណ៍នេះ បានចាត់ទុកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលអាណត្តិទី៦នៃរដ្ឋសភា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានបង្ហាញឲ្យឃើញថាប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោតបានសម្រេចចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានទទួលអាសនៈនៃរដ្ឋសភា១២៥លើ១២៥ នៃរាជធានី-ខេត្តទាំង២៥។ ដូច្នេះ ការបង្កើតរដ្ឋសភាថ្មី និងរាជរដ្ឋាភិបាលថ្មី នៃអាណត្តិថ្មីទី៦ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ គឺជាការអនុវត្តតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនចាំចាច់ត្រូវការឲ្យបរទេសណា ឬប្រទេសណាផ្តល់ភាពស្របច្បាប់ ឲ្យប្រទេសកម្ពុជានោះទេ៕