រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជានាសប្ដាហ៍ក្រោយ
យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌលោកស្រី ស៊ុសម៉ា ស្វារ៉ាច គ្រោងនឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃ២៨ដល់ថ្ងៃ៣០ ខែសីហា ឆ្នាំ២០១៨។ ដំណើរទស្សកិច្ចនោះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន។
ក្នុងអំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌា គ្រោងនឹងជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកស្រី ស៊ុសម៉ា ស្វារ៉ាច ក៍គ្រោងនឹងពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ហើយនឹងផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការចាប់ អារម្មណ៍ដូចគ្នា។ បន្ទាប់ពីជំនួបទ្វេភាគី កម្ពុជា និងឥណ្ឌា គ្រោងនឹងចុះហត្ថលេខាលើឯកសារចំនួន៣គឺ
១ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលឥណ្ឌា និងកម្ពុជា សម្រាប់អភិរក្ស ជួសជុលប្រាសាទព្រះវិហារ នៅក្នុងស្រុកជាំក្សា ខេត្តព្រះវិហារ។
២ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងកិច្ចការគ្រួសារ ឥណ្ឌា ជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខភាព និងឱសថ។
៣ អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស ប្រទេសកម្ពុជា ជាមួយវិទ្យាស្ថានការបរទេស នៃក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា។