អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកព្រមានថា តួកគីទំនងជាប្រឈមមុខនឹងការដាក់ទណ្ឌកម្ម បើសិនជាមិនព្រមដោះលែងអ្នកប្រតិបត្តិសាសនាគ្រិស្តរបស់អាម៉េរិក
សហរដ្ឋអាម៉េរិក៖ អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផេន បានអះអាងក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសលោកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចសំខាន់ៗទៅលើតួកគី រហូតទាល់តែប្រទេសនេះ ចាត់វិធានការភ្លាមៗក្នុងការដោះលែងលោកឪ នៃសាសនាគ្រិស្ដអាម៉េរិកមួយរូប ដែលកំពុងជាប់ឃុំនៅក្នុងរដ្ឋមួយនេះ។ ការព្រមានរបស់លោក ម៉ៃ ផេន ត្រូវបានធ្វើឡើង បន្ទាប់ពីតុលាការតួកគីបង្គាប់ឱ្យឃុំខ្លួនលោកអាចារ្យ អាន់ឌ្រូ ប្រាន់សុន នៅក្នុងផ្ទះក្រោយត្រូវបានឃុំខ្លួនអស់រយៈពេល ២១ខែមកនេះ ពីបទមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម។

ស្របពេលជាមួយគ្នានេះ តាមរយៈបណ្តាញសង្គមធ្វីតធើ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយដោយបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់លើតួកគី សម្រាប់ការឃុំខ្លួនលោកអាចារ្យ អាន់ឌ្រូ ប្រាន់សុន អស់រយៈពេលជាយូរមកនេះ ទាំងដែលលោកមិនបានប្រព្រឹត្តកំហុសអ្វីទាល់តែសោះហើយថា លោកអាចារ្យគួរតែត្រូវបានដោះលែងជាបន្ទាន់។