កម្មករជាង៥០នាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅខេត្តកណ្ដាល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ កើតឡើងនៅម៉ោង៦និង២០នាទីព្រឹកថ្ងៃទី៥កក្កដានេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣៥-៣៦ ស្ថិតនៅភូមិកំណត់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ យោងតាមប្រភពព័ត៌មានពីបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីម្ចាស់រថយន្តដឹកកម្មករវ៉ាជែងរថយន្តផ្សេងដែលបើកបរនៅខាងមុខ ហើយបានទាញចង្កូតខ្លាំងពេក ក៏បានបណ្តាលឱ្យរថយន្តក្រឡាប់តែម្តង។
ក្នុងហេតុការណ៍នេះ បណ្ដាលឱ្យកម្មករ៥១នាក់រងរបួស (ក្នុងនោះរងរបួសធ្ងន់ចំនួន១៧នាក់ និងស្រាលចំនួន៣៤ នាក់) ក្នុងចំណោមចំនួនកម្មករនិយោជិតដែលជិះលើឡានជិត៦០នាក់។ ក្រោយហេតុការណ៍ មន្ត្រី និងបុគ្គលិកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខណ្ឌដង្កោ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះទៅសម្របសម្រួល និងបញ្ជូនជនរងគ្រោះទៅពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាល។ ក្នុងនោះជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅ មណ្ឌលសុខភាព ត្រាំខ្នារចំនួន ២៩នាក់ មន្ទីរពេទ្យព្រះកុសុមៈចំនួន២១នាក់ និងបន្ទប់ពិគ្រោះ និងព្យាបាលជំងឺមូលមិត្តដើមរការចំនួន១នាក់។
រាល់ថ្លៃសេវាដឹកជញ្ជូនជនរងគ្រោះ ថ្លៃសេវាពិនិត្យ និងព្យាបាលរហូតដល់ជាសះស្បើយ ជាបន្ទុកទាំងស្រុងរបស់បេឡាជាតិរបបសន្តិសុខសង្គម។ បេឡាជាតិរបបសន្តិសុខសង្គម បានក្រើនរំលឹកដល់ អ្នកបើកបរយានយន្តដឹកកម្មករទាំងអស់ សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងបានត្រួតពិនិត្យយានយន្តរបស់ខ្លួនឱ្យបានជាប្រចាំ ព្រមទាំងគោរពច្បាប់ចរាចរណ៍ឲ្យខ្ជាប់ខ្ជួន ដើម្បីបង្កាគ្រោះថ្នាក់នានា៕