អភិបាលខេត្តកំពង់ធំ ស្នើឲ្យភាគីក្រុមហ៊ុនចំការកៅស៊ូវៀតណាម ចូលរួមគោរពច្បាប់ការងាររបស់រាជរដ្ឋាភិបាល

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ធំ   ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនកម្មករចំការកៅស៊ូ (C.R.C.K.2 ) ប្រមាណជាងបួនរយនាក់ នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០១៨។

ថ្លែងក្នុងពិធីជួបសំណេះសំណាល  ឯកឧត្តម សុខ លូ  បានពាំនាំនូវការសាកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនវិនិយោគទាំងអស់ ដែលមកវិនិយោគនៅកម្ពុជា ជាពិសេស ក្រុមហ៊ុនវិនិយោគកៅស៊ូវៀតណាម ដែលធ្វើការវិនិយោគទៅលើដំណាំកៅស៊ូជាច្រើនក្រុមហ៊ុនផងដែរ ដែលស្តែងឲ្យឃើញពីទំនុកចិត្តរបស់វិនិយោគិនបរទេស ចំពោះស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលកំពុងមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា មានការងារធ្វើ ជាពិសេស អ្នករស់នៅខេត្តកំពង់ធំទាំងមូល កាត់បន្ថយការចំណាកស្រុក មានជីវភាពធូរធារជាងមុន  និងមានពេលវេលាជួបជុំប្រពន្ធកូន ព្រមទាំងសាច់ញាតិជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់ថា សូមឲ្យភាគីក្រុមហ៊ុនវិនិយោគិនបរទេសទំាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវចូលរួមគោរពច្បាប់លក្ខខ័ណ្ឌការងាររបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធិភាព ដោយមិនមានការកេងប្រវ័ញកំលំាងពលកម្មលើកម្មករ កម្មការិនីជាដើម។ ម្យ៉ាងវិញទៀត កម្មករ កម្មការិនី ក៏ត្រូវខិតខំព្យាយាមធ្វើការងារ គោរពវេលា ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ធ្វើការងារដោយយកចិត្តទុកដាក់ ជាពិសេស ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អប្រសើរ។

ឯកឧត្តម ក៏បានស្នើដល់ភាគីក្រុមហ៊ុនចំការកៅស៊ូវៀតណាមទំាងអស់ ធ្វើយ៉ាងណា ត្រូវបង្ករលក្ខណៈងាយស្រួលដល់ កម្មករ កម្មការិនី បានឈប់សម្រាក ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំណា ដែលបងប្អូនពេញចិត្ត ដែលអាចថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពជឿនលឿនបន្តទៀត៕   ដោយ  ប៊ុន  រដ្ឋា

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner