សម្តេចដាក់បញ្ជាក្រសួង៤សហការគ្នាជួសជុលបន្ទាន់ក្រោយជំនន់ទឹកភ្លៀងស្រកចុះ
ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញបទបញ្ជាជាបន្ទាន់មួយសម្រាប់រដ្ឋមន្ត្រី៤ក្រសួងដែលត្រូវសហការគ្នាធ្វើកិច្ច ការជួសជុលផ្លូវថ្នល់, ប្រឡាយទឹក, ការបញ្ចេញពូជស្រូវ និងបញ្ហាបន្ទាន់នានាដើម្បីការដោះស្រាយបំរើពលរដ្ឋ ក្រោយពេលទឹកបានស្រក។ យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជំនន់ទឹកភ្លៀងបានប៉ះចំនួន១១៧ ក្រុង, ស្រុកនិងខណ្ឌនៅទូទាំងប្រទេស។ទឹកជំនន់បានធ្វើឲ្យលិចស្រូវប្រមាណ២៧ម៉ឺន៧ហិចតា,ដំណាំរួមផ្សំ៨ម៉ឺន៨ពាន់៧៧៩ហិចតា, ប៉ះពាល់ផ្លូវជាតិ, ផ្លូវខេត្ត, ផ្លូវគ្រួសក្រហម៦១៦គីឡូម៉ែត្រ, ធ្វើឲ្យលិចផ្លូវ លំជនបទប្រមាណ១ពាន់៦៨៥គីឡូម៉ែត្រ, ប៉ះពាល់ទំនប់ប្រវែង៤១គីឡូម៉ែត្រ, ប៉ះពាល់ប្រឡាយមេ ២៣៧គីឡូ ម៉ែត្រ, ប្រឡាយរង២១៧គីឡូម៉ែត្រ, ប្រឡាយស្រោចស្រពប្រវែង១៤៤គីឡូម៉ែត្រ និងច្រាំងទន្លេប្រវែង ២ពាន់ ១៩៥ម៉ែត្រ។ សម្តេចបានដាក់បញ្ជាដល់រដ្ឋមន្ត្រី៤ក្រសួង គឺលោករដ្ឋមន្ត្រីវេងសាខុននៃក្រសួងកសិកម្ម, រដ្ឋមន្ត្រី លឹមគានហោនៃក្រសួងធនធានទឹកនិងឧតុនិយម, រដ្ឋមន្ត្រីជាសុផារ៉ា នៃក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ និងរដ្ឋមន្ត្រី ស៊ុនចាន់ថុល នៃក្រសួងសាធារណការនិងដឹកជញ្ជួន នៅពេលដែលទឹកស្រកភ្លាម ត្រូវធ្វើកិច្ចការជួស ជុលជាបន្ទាន់ ដោយមិនចាំបាច់រង់ចាំការវាយតម្លៃពីខាងក្រោមទេ។
ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋប្រមាណ១៣ម៉ឺន៦ពាន់គ្រួសារ ស្មើនឹងមនុស្សប្រមាណ៥៤ម៉ឺន៥ពាន់ ៧៦៨នាក់, ប្រជាជនជម្លៀសមាន១ម៉ឺន១ពាន់៨៣៨គ្រួសារដែលស្មើនឹង៤ម៉ឺន៧ពាន់៣៥២នាក់។ គ្រោះធម្មជាតិ ទឹកជំនន់ នៅបានធ្វើឲ្យមនុស្សស្លាប់៤០នាក់ ប៉ះពាល់ផ្ទះប្រមាណ១២ម៉ឺន៤១៨ខ្នង ក្នុងនោះខូចខាត៦៣ខ្នង, លិចសាលារៀន៩២៥កន្លែង និងវត្តប្រមាណ៣០៥វត្ត៕




