សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីបន្តសម័យប្រជុំលើកទី៥ នៃព្រឹទ្ធសភានីតិកាលទី៤
ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៥ នៃព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៨រូប។ អង្គប្រជុំបានដំណើរការតាមរបៀបវារៈចំនួន ០៤រួមមាន៖
របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងក្នុងគោលបំណងធានាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដោយកំណត់អំពីវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាពហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។សេចក្ដីព្រាងច្បាប់នេះមានសារសំខាន់ សម្រាប់ការពារសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុនៅ ប្រទេសកម្ពុជា ក្នុងការទប់ស្កាត់ការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុដោយអ្នកសម្អាតប្រាក់ ទ្រព្យសម្បត្ដិដែលទទួលបានពីសកម្មភាពខុសច្បាប់ និងជំរុញប្រសិទ្ធភាពនៃការអនុវត្តការបង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ចំពោះការផ្ដល់ហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ ដែលធ្វើឱ្យវិនាសអន្ដរាយដល់សន្ដិភាព សន្ដិសុខ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជារបស់មនុស្សជាតិទាំងមូល ។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៨ជំពូក និង២៤មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជា-ណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៩សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នាសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី៦។ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។សេចក្តីព្រាងច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
សេចក្តីព្រាងច្បាប់នេះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនរួមមានដូចខាងក្រោម៖
– ធានាសុចរិតភាពនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ដោយសារប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូល និងបន្លាស់ទីមូលនិធិក្នុងគោលបំណងទប់ស្កាត់ការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្តុ ដោយអ្នកសម្អាតប្រាក់ និងទ្រព្យសម្បត្តិ ដែលទទួលបានពីសកម្មភាពខុសច្បាប់ ដើម្បីអនុវត្ត ឬគាំទ្រសកម្មភាពភេរវកម្ម ។
– បង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងអាជីវកម្ម គ្រប់គ្រងចលនាសាច់បា្រក់ក្នុងអាជីវកម្ម បង្កើនទំនុកចិត្តទីផ្សារ និងជំរុញប្រព័ន្ធប្រកួតប្រជែងត្រឹមត្រូវស្របតាមប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។
– ធានាសន្តិសុខ-សុវត្ថិភាពសង្គមក្នុងការបង្ការ និងទប់ស្កាត់ រាល់ការប្រព្រឹត្តបទល្មើសនានា ពិសេសអំពើភេរវកម្មដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ។
– ពង្រឹងយន្តការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការដាក់ទណ្ឌកម្ម ដូចជា ទណ្ឌកម្មខាងវិន័យ និងព្រហ្មទណ្ឌ រួមទាំង (ទណ្ឌកម្មលើនីតិបុគ្គល)។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៩ជំពូក និង៤៧មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នាសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី៦។ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
បៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។សេចក្តីព្រាងច្បាប់នេះកំណត់អំពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេស ទាក់ទងនឹងដំណើរការនីតិវិធីនានាពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងការបង្កក ការចាប់យក និងការរឹបអូសទ្រព្យ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមានគុណប្រយោជន៍ក្នុងការធានាដល់ការអនុវត្តសំណើសុំជំនួយផ្នែកច្បាប់ និងការអនុវត្តសន្ធិសញ្ញានានាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជាការបង្កើតឱ្យមាននីតិវិធីផ្ទៃក្នុងមួយច្បាស់លាស់ បំពេញបន្ថែមឱ្យក្រមនីតិវិធីព្រហ្មទណ្ឌ និងជាមូលដ្ឋានគតិយុត្តមួយជាក់លាក់ដែលបម្រើដល់ការពង្រឹង និងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌជាមួយនឹងប្រទេសជាមិត្ត ដោយឈរលើគោលការណ៍នៃការគោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញទៅមកទៀតផង។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៦ជំពូក ៤ផ្នែក ៧អនុផ្នែក និងមាន៤៤មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៨សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នាសម័យប្រជុំលើកទី៤ រដ្ឋ-សភា នីតិកាលទី៦។ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ ។
អនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ផ្តោតជាសំខាន់លើការ ការពារស្នាដៃអក្សរសាស្រ្ត សិល្បៈ និងវិទ្យាសាស្រ្ត ជូនដល់អ្នកនិពន្ធ ឬអ្នកបង្កើតស្នាដៃទាំងអស់ ការលើកកម្ពស់នូវស្ថានភាពរបស់អ្នកនិពន្ធ ឬអ្នកបង្កើតស្នាដៃ ការពង្រឹងពង្រីកគុណភាពចំណេះ ដឹងលើវិស័យអប់រំ ស្រាវជ្រាវ អភិវឌ្ឍន៍ បង្កើនធនធានមនុស្ស និងការជំរុញការគាំទ្រ លើកស្ទួយ និងអភិវឌ្ឍន៍ឧស្សាហកម្មច្នៃប្រឌិត។
សេចក្តីព្រាងច្បាប់នេះនឹងរួមចំណែកធានាចំពោះកិច្ចការពារស្នាដៃរបស់អ្នកនិពន្ធ និងលើកកម្ពស់ការបង្កើតស្នាដៃថ្មីៗថែមទៀត លើកកម្ពស់ចំណេះដឹង ចំណេះធ្វើ នៃកិច្ចការតែងនិពន្ធ និងការបង្កើតស្នាដៃផ្សេងៗ ទាំងអក្សរសាស្ត្រ សិល្បៈ និងវិទ្យាសាស្ត្រ ព្រមទាំងលើកទឹកចិត្តអ្នកនិពន្ធ អ្នកស្រាវជ្រាវ អ្នកបង្កើតស្នាដៃ ឱ្យខិតខំផលិតស្នាដៃថ្មីៗកាន់តែច្រើន ក្រោមការការពារពីរដ្ឋ។
សេចក្តីព្រាងច្បាប់នេះត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៦សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នាសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី៦។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដោយថ្នាក់ដឹកនាំ
មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕








