រដ្ឋមន្រ្តីក្រសួងអប់រំឱ្យសាលារៀននិងអ្នកកីឡានៅតែប្រុងប្រយ័ត្នខ្ពស់នៅពេលបើកដំណើរការឡើងវិញ
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡាបានប្រកាសពីការឱ្យបើកដំណើរការឡើងវិញក្រោយពីការផ្អាក ឲ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ព្រមទាំងការហាត់ប្រាណ និងលេងកីឡា នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ដោយសារព្រឹត្តិការណ៍ ០៣វិច្ឆិការួចមក។
បញ្ជាក់ក្នុងសន្និសីទ្ធសារព័ត៌មាននាទីស្តីការក្រសួងអប់រំយុវជននិងកីឡាក្នុងថ្ងៃនេះ ឯកឧត្តម ហង់ជួនណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថាបន្ទាប់ពីមានព្រឹត្តិការណ៍ ០៣ វិច្ឆិកា ត្រូវបិទបញ្ចប់នាពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ។
ជាមួយការប្រកាសឱ្យបើកឡើងវិញនេះដែរ ឯកឧត្តម ហង់ជួនណារ៉ុនបានឱគ្រឹះស្ថានសិក្សាទាំងអស់ពិសេស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សត្រូវតែបន្តអនុវត្តគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ជាមួយគ្នា ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារ នៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា។
នាឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងអប់រំ ក៏បានប្រកាសពីការ អនុញ្ញាតឲ្យមានការហាត់ប្រាណ លេងកីឡា និងការចេញចូល បរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកានេះតទៅ ប៉ុន្តែនៅតែបន្តអនុវត្តនូវវិធានសុវត្ថិភាព សុខភាព និងរក្សាគម្លាតសុវត្ថិភាពសង្គម។
ក្រៅពីការប្រកាសបើកឱ្យដំណើរការសាលារៀនឡើងវិញទាំងនៅរាជធានីភ្នំពេញនិងខេត្តកណ្តាលនេះលោក ហង់ជួនណរ៉ុនក៏បានអនុញ្ញាតឱ្យបើកដំណើរការរថយន្តដឹកសិស្សតាមសាលារៀននិងការបើកលក់ចំណីអាហារតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជនផងដែរ។
គួរបញ្ជាក់ថាក្រសួងអប់រំបានផ្អាកឲ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ព្រមទាំងការហាត់ប្រាណ និងលេងកីឡា នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីមាន ព្រឹត្តិការណ៍ ០៣ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងគណៈប្រតិភូ នៃប្រទេសហុងគ្រីរួចមក។ ក្រោយព្រឹត្តិការនេះបានបញ្ចប់ពេលនេះក្រសួងអប់រំបានអនុញ្ញាតឱ្យដំណោះរការ ដូចធម្មតាឡើងវិញ៕