ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងជនពិការជាង ៥០គ្រួសារ នៅស្រុកដាច់ស្រយាលមួយ ពីទីរួមខេត្តរតនគិរី
ខេត្តរតនគិរី៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវគេមើលឃើញថា សម្តេចតែងបានខិតខំគៀងគរសប្បុរសជននានា ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីប្រមែប្រមូលមូលនិធិសប្បុរសធម៌ ទាំងថវិកា គ្រឿងបរិក្ខា និងគ្រឿងឧបភោគ បរិភោគ នាំយកមកផ្គត់ផ្គង់ និងផ្តល់ជូនប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ដោយមិនមានប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីទាំងអស់ ហើយទីណាមានការលំបាក ទីនោះតែងមានកាកបាទក្រហមកម្ពុជា នៅជាមួយជានិច្ច។
ដោយមើលឃើញ ពីភាពរងទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ និងទឹកជំនន់នាពេលកន្លងទៅនោះ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះទាំងនោះ តាមរយៈអាជ្ញាធរខេត្តរតនគិរី។ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី លោក ថង សាវុន រួមនឹងក្រុមការងារ បានបន្តនាំយកអំណោយកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងជនពិការ ចំនួន ៥១គ្រួសារ កាលពីថ្ងៃទី១៥មិថុនាឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកលំផាត់។
អំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំង ៥១គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង ១យួរ ទឹកស៊ីអ៊ីវ ១យួរ សម្លៀកបំពាក់១កញ្ចប់ និងថវិកា មួយចំនួនថែមទៀត។ ដោយឡែក គ្រួសាររងគ្រោះ ដោយសាររន្ទះបាញ់ ១គ្រួសារ ក៏ទទួលបានអំណោយ ដូចប្រជាពលរដ្ឋងាយរងគ្រោះ ខាងលើនោះផងដែរ។
លោក ថង សាវុន បានមានប្រសាសន៍ថា ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ឋានៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកបានបន្តថា អំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូន ពុកម៉ែបងប្អូននាពេលនេះ ទុកជាការជួយសម្រាលទុក្ខលំបាក របស់ពុកម៉ែបងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញ នូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេស កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជានិច្ច។
អភិបាលខេត្តរតនគិរី លោក ថង សាវុន បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការអនាម័យអោយល្អជានិច្ច ហើយត្រូវរួមគ្នាអនុវត្តន៍វិធានការ ការពារ និងកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តន៍អោយបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោក ថង សាវុន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពអោយបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត និងផឹកទឹកស្អាត ហើយក៏ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីធ្វើអោយជីវភាព មានលក្ខណៈល្អប្រសើរ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់ៗគ្នា ផងដែរ៕ ដោយ៖ ឡុង សំបូរ














