ខេត្តកំពង់ស្ពឺ នឹងរៀបរៀងបោះពុម្ភសៀវភៅ មគ្គុទ្ទេសក៍វិនិយោគ ខណ:សក្តានុពលក្នុង ខេត្តមានភាពល្អប្រសើរ
បច្ចុប្បន្នចំពោះសក្តានុពលខេត្តកំពង់ស្ពឺទាំងកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្រ បានទាក់ទាញអ្នកវិនិយោគ ទុនមកបណ្ដាក់ទុនវិនិយោគកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ឯកឧត្តម វ៉ី សំណាង គណៈអភិបាល ខេត្តកំពង់ស្ពឺ មានប្រសាសន៍ដូចនេះ គ្រាដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុង ពិធីប្រកាសជាផ្លូវ ការនៅកិច្ចសហប្រតិបត្តិការរៀបរៀង និងបោះពុម្ពសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ ខេត្តកំពង់ស្ពឺ ដែលប្រារឰធ្វើនៅអគារប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្ថែមថា សក្តានុពល ផ្នែកប្រជាសាស្ត្រ ដោយចង់បង្ហាញ ពីបុគ្គលិកលក្ខណៈរបស់ប្រជាជនខេត្តកំពង់ស្ពឺ ដោយមានចរិតស្លូតបូត និងខិតខំអំណត់តស៊ូធ្វើការងារ ព្រមទាំងមានភាពស្មោះត្រង់ ហើយកត្តាភូមិសាស្ត្រ ខេត្តកំពង់ស្ពឺជាខេត្តមួយមានផ្លូវជាតិឆ្លងកាត់ជាច្រើន ពិសេសផ្លូវជាតិលេខ៤ ឆ្លងកាត់ដែលបង្កលក្ខណៈងាយស្រួលនាំផលិតផលចេញ និងនាំចូល ។
ឯកឧត្តម អភិបាលបញ្ជាក់ដែរថា ខេត្តមួយនេះស្ថិតជិតបំផុតច្រកកំពង់ផែអន្តរជាតិ កំពង់សោម ហើយក៏ ជាខេត្តមួយបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគទុនមកបណ្ដាក់ទុន ព្រមទាំងទទួល បានផល ចំណេញខ្ពស់ ។
លោក ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ក្នុងនាមតំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរូបលោកផ្ទាល់ ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រកាសជាផ្លូវការ កិច្ចសហប្រតិបត្តិការរៀបរៀង និងបោះពុម្ពសៀវភៅ មគ្គុទេសវិនិយោគ នៅខេត្តកំពង់ស្ពឺនាថ្ងៃនេះ។ គិតមកដល់ថ្ងៃនេះ សភាពាណិជ្ជកម្មកម្ពុជា បានប្រកាសបើកជាផ្លូវការ កិច្ចសហប្រតិបត្តិការបោះពុម្ពផ្សាយសៀវភៅនេះ ជាមួយសភាពាណិជ្ជកម្មមណ្ឌលខេត្ត បានចំនួន ១០ខេត្តមកហើយ ។
លោក បានបញ្ជាក់ទៀតថា កិច្ចការស្រាវជ្រាវនិងចងក្រងទិន្នន័យគោល ពិតជាមានសារៈសំខាន់ ណាស់សម្រាប់អាជីវកម្មគ្រប់ប្រភេទទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ។ បន្ទាប់ពីបោះពុម្ភផ្សាយសៀវភៅមគ្គុទេសក៍វិនិយោគខេត្តកំពង់ស្ពឺ រួចទាំងសភាពាណិជ្ជកម្ម និងអាជ្ញាធរខេត្តអាចបង្ហាញដល់វិនិយោគគិន អំពីវិស័យសក្តានុពល និងនិន្នាការអាជីវកម្ម ក្នុងខេត្តដោយផ្អែកលើទិន្នន័យ និងការស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈផងដែរ ៕ម៉ុន សំអ៊ាត







