សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ BICC 2020 (ប៊ីកស៊ី ២០២០) តាមរយៈ Video Conference ជាមួយសាកលវិទ្យាល័យដៃគូចំនួន ២០ មកពី ១៣ប្រទេសជុំវិញពិភពលោក

សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​រៀប​ចំ​​ពិធីបើកសន្និ​សីទ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​អន្តរ​ជាតិ លើកទី៣ ឆ្នាំ​២០២០​ BICC2020-ប៊ីកស៊ី២០២០ (3rd BELTEI International Collaboration Conference 2020) តាមប្រព័ន្ធវីដេអូ (Video Conference) ក្រោម​ប្រ​ធាន​បទ​ “ការរៀបចំសម្រាប់ជីវិតសិក្សានៅក្រៅប្រទេស​ (Preparation for Overseas Study Life)​” ក្រោម​អ​ធិប​តី​ភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំង​មាន​ការអញ្ជើញ​ចូល​រួម​ និងធ្វើបទបង្ហាញពី​សា​កល​វិ​ទ្យា​ល័យ​ដៃគូចំនួន ២០ មក​ពី​ ១៣ប្រ​ទេស​​​ ជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ សរុបចំនួន ៣,៧០០នាក់។

ឯក​ឧត្តម ​លី ​ណា​វុឌ្ឍ ​អគ្គ​នា​យក​រង​ប៊ែល​ធី ​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ​ បាន​មានប្រ​សាសន៍​ថា៖ នេះជាលើកទី៣ហើយ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំ​សន្នីសីទ​ជាលក្ខណៈអន្តរជាតិ​នៅកម្ពុជា ក្នុងគោល​បំ​ណងពង្រឹងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូនៅឯក្រៅប្រទេស ដែលបានចុះ អនុស្សារណៈយោគយល់គ្នា (MoU) ដើម្បី​រួមចំណែកលើកកម្ពស់វិស័យអប់រំ និងគុណភាពអប់រំនៅកម្ពុជា ឱ្យមានការ ទទួលស្គាល់ ជាអន្តរជាតិ ដែលមាន ៦ចំណុចសំខាន់ៗ៖

១​-​បង្កើន​កិច្ច​សហ​ប្រ​តិ​បត្តិ​ការរវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យដៃគូទាំងអស់នៅក្រៅប្រទេស

២​-ផ្សព្វ​ផ្សាយព័ត៌មានអំ​ពីកម្មវិធីសិក្សា មុខវិជ្ជាសិក្សា អាហារូបករណ៍ ការស្នាក់នៅ និងឱកាសទទួលបានការងារធ្វើជូន​​ដល់សិស្ស-​និ​ស្សិត​កម្ពុជាដែលមានបំណងចង់ទៅសិក្សានៅក្រៅប្រទេស

៣​-លើកទឹកចិត្តសិស្ស-និស្សិតពូកែប៊ែលធីដែលទទួលបានអាហារូបករណ៍ឱ្យទៅសិក្សានៅសាកលវិទ្យាល័យដៃគូក្រៅប្រទេស

៤​-​បង្កើនកម្មវិធីផ្លាស់ប្តូរនិស្សិត (Student Exchange​ Program) ពីកម្ពុជាទៅក្រៅប្រទេស និងពីក្រៅប្រទេសមកកម្ពុជា

៥-ពង្រឹងគុណភាពអប់រំ ដើម្បីឱ្យសិស្ស-និស្សិតប៊ែលធី អាចផ្ទេរការសិក្សា (ផ្ទេរក្រេឌីត) ទៅសិក្សានៅសាកលវិទ្យាល័យដៃគូនៅក្រៅប្រទេស

៦​-លើកកម្ពស់វិស័យអប់រំ​ និងពង្រឹងគុណភាពសិក្សា តាមរយៈការចែករំលែកបទពិសោធន៍អប់រំពីគ្នាទៅវិញទៅមក

លោកបណ្ឌិត Wilfred Zerbe នាយកប្រតិបត្តិសាខា Vancouver នៃសាកលវិទ្យាល័យ Fairleigh Dickinson មកពីប្រទេស កាណាដា បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានរៀបចំសន្និសីទ អន្តរជាតិ នេះឡើង និងបានលើកទឹកចិត្តដល់សិស្ស-និស្សិតកម្ពុជាឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីមានឱកាសអាចទទួលបាន អាហារូបករណ៍ ទៅបន្តការសិក្សានៅក្រៅប្រទេស។

ជាមួយគ្នានោះដែរ ក៏មានការចែករំលែកបទពិសោធន៍អំពីជីវិតសិក្សានៅក្រៅប្រទេសរបស់អតីតសិស្សនិទ្ទេស A និងជានិស្សិត អាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ២រូប គឺប្អូន ស គីមស៊ា កំពុងសិក្សានៅសាកលវិទ្យាល័យ Fairleigh Dickinson នៃប្រទេសកាណាដា និងប្អូន កាំង ស៊ិញលី កំពុងសិក្សានៅសាកលវិទ្យាល័យ បាងកក នៃព្រះរាជាណាចក្រថៃ។

ឋិតក្នុងឱកាសនោះ ឯក​ឧ​ត្តម​បណ្ឌិត លី​ ឆេង​ បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ពិសេសការខិតខំប្រឹងប្រែងទប់ស្កាត់ និងដោះស្រាយ នូវរាល់បញ្ ហាប្រឈមនានា ដែលបង្កឡើង ដោយជំងឺកូវីដ១៩។ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបផងដែរអំពីស្ថានភាព បណ្តុះបណ្តាលរបស់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) និងការណែនាំនានារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកំឡុងពេលវិបត្តិកូវីដ១៩ នេះ។  ឯក​ឧ​ត្តម​បណ្ឌិត  ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈគ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំង២០ មកពី ១៣ប្រទេសជុំវិញពិភពលោក ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ ជាពិសេសបានធ្វើបទបង្ហាញចែករំលែកព័ត៌មានសិក្សារបស់សាកលវិទ្យាល័យខ្លួននៅឯក្រៅប្រទេសជូនដល់សិស្ស-និស្សិត កម្ពុជា តាមរយៈប្រព័ន្ធ វីដេអូ (Video Conference)។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា សន្និសីទ BICC 2020 (ប៊ីកស៊ី២០២០) នេះ ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនធនធានមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។ ជាមួយគ្នានោះដែរ ឯក​ឧ​ត្តម​បណ្ឌិត ក៏​បាន​លើកទឹកចិត្តដល់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ ដៃគូនៅក្រៅប្រទេស ទាំងអស់ បន្តចូលរួមសន្និ​សីទ​កិច្ច​សហ​ប្រ​តិ​បត្តិការ​អន្តរ​ជាតិ ប៊ែល​ធី ​​លើកទី៤   នៅឆ្នាំ​២០២១ ខាងមុខនេះ ក្នុងគោលបំណងរួមគ្នាពង្រឹងគុណភាពអប់រំទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឱ្យបានកាន់តែប្រសើរបន្ថែមទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner