អភិបាលខេត្តពីរនៅភាគខាងលិច និងខាងកើតប្រទេស និងប្រធានរាជបណ្ឌិតសភាកម្ពុជា បានរួមគ្នាដាំកូនឈើមានតម្លៃ ចម្រុះ ១ពាន់ដើម នៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ក្នុងខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង រួមជាមួយ ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកសភាចារ្យ សុខ ទូច បានរួមគ្នាដាំកូនឈើ មានតម្លៃចម្រុះជាច្រើនប្រភេទ ១ពាន់ដើម នៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ដើម្បីរួមចំណែកក្នុងការកសាងគម្របព្រៃឈើ ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ និងជួយលើកម្ពស់ អោយមានការចូលរួមដាំដើមឈើ ពីគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងតំបន់ ផងទៀត។
កូនឈើចម្រុះ១ពាន់ដើម ត្រូវបានដាំនៅក្នុង ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យទី១៤មិថុនាឆ្នាំ២០២០ ក្រោមប្រធានបទ “មនុស្សម្នាក់ ឈើមួយដើម បន្តដង្ហើមផែនដី” ក្រោមវត្តមានចូលរួមពីសំណាក់ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ, អភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង, ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច ព្រមទាំងនិស្សិតថា្នក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃរាជបណ្ឌិតសភាកម្ពុជា កងកម្លាំងទាំងបី មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកពីក្នុងខេត្តព្រះវិហារ។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែងថា សកម្មភាព នៃការរួមគ្នាដាំកូនឈើនៅពេលនេះ គឺជាការឆ្លុះបញ្ចាំងអោយឃើញ នូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងអភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិ ជីវៈចម្រុះ ដើម្បីជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះធម្មជាតិនានា និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។
លោក ប្រាក់ សុវណ្ណ បានអំពាវនាវ ដល់ស្ថាប័នពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងតំបន់ ត្រូវចូលរួមទប់ស្កាត់ការទន្ទ្រានដី និងកាប់ឈើខុសច្បាប់ នៅក្នុងតំបន់ឧទ្យាន ជួយពន្លត់ភ្លើងឆេះព្រៃ គាំពារសុវត្ថិភាព មន្រ្តី និងបុគ្គលិក ក្នុងឧទ្យាន និងសូមចូលរួមថែរក្សា ការពារឧទ្យាន រាជបណ្ឌិតសភាកម្ពុជា តេជោសែន ឬស្សីត្រឹបនេះ ដើម្បីទុកជាសម្បត្តិរួម តកូនតចៅទៅជំនាន់ក្រោយ និងជាប្រភពចំណូលមិនចេះរីងស្ងួត សម្រាប់បងប្អូន និងកូនចៅ តរៀងទៅ។
ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឬស្សីត្រឹប មានតំបន់ជីវចម្រុះ និងសក្ដានុពលជាច្រើនប្រភេទ ដូចជា ធនធានព្រៃឈើ កេរ្ដិ៍តំណែលប្រវត្តិសាស្ដ្រ ឡស្លដែកបុរាណ ដែលអាចបម្រើអោយវិស័យបរិស្ថាន ធម្មជាតិ ព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ដ្រ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ បានយ៉ាងច្រើនឥគណនា។
លោកសភាចារ្យ បានបន្ដទៀតថា រាជបណ្ឌិតសភាកម្ពុជា នឹងប្រែក្លាយឧទ្យាននេះ ដែលជាឧទ្យានទី៥៥ នៅក្នុងព្រះរាជាណាចក្រកម្ពុជា អោយក្លាយទៅជាកន្លែងទេសចរណ៍, ជាកន្លែងមានបរិស្ថានដ៏ល្អ, ជាជម្រករបស់សត្វ, ជាកន្លែងផលិត ដែលស្រុកខ្មែរមិនទាន់មាន ដូចជាការចិញ្ចឹមគោយកទឹកដោះ ពពែ ចៀម ។ល។ និងការដាំដំណាំកសិកម្មផ្សេងៗទៀត ដើម្បីសិក្សា និងកសាងឯកសារ ក្នុងគោលដៅយកទៅបង្រៀនប្រជាពលរដ្ឋ អំពីរបៀបចិញ្ចឹមសត្វ និងការដាំដំណាំ ដែលទទួលបានទិន្នផលខ្ពស់ និងចំណាយដើមទុនតិច។
បន្ទាប់មក ថ្នាក់ដឹកនាំខេត្តទាំងពីរ ព្រះវិហារ, កំពង់ស្ពឺ និងប្រធានរាជបណ្ឌិតសភាកម្ពុជា បានចុះពិនិត្យដើមឈើ ១ដើម ដ៏កម្រមាននៅលើលោក គឺ « ដើមឆ្វេស » មានក្រឡាស្រដៀងនឹងក្រឡាពស់ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ចុះពិនិត្យកន្លែង« ឡស្លដែកបុរាណ » និងចុះពិនិត្យកន្លែងចិញ្ចឹមសត្វគោយកទឹកដោះ ថែមទៀតផង។
គួរបញ្ជាក់ថា ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនឫស្សីត្រឹប ត្រូវបានបង្កើតឡើង និងទទួលស្គាល់ ដោយព្រះរាជក្រឹត្យលេខ នស / រកត / ០៤១៤ / ៤៣៦ ចុះថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៤ ដែលមានផ្ទៃដី ១១ពាន់ ៤៣៥ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ឃុំឆែបមួយ និងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ក្នុងនោះ ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនឫស្សីត្រឹប មានគម្រោងដាំកូនឈើចំនួន ១លានដើម ក្នុងរយៈពេល ៦ឆ្នាំ ហើយចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ឧទ្យានបានដាំកូនឈើ បានចំនួន ១៥០ពាន់ ៧២០ដើម លើផ្ទៃដី សរុបប្រមាណ៩២ហិកតា រួចមកហើយដែរ៕ធ.ដ
ដោយ៖ឡុង សំបូរ












