និស្សិតអន្តរជាតិ សិក្សាកម្រិតមហាវិទ្យាល័យនៅសហរដ្ឋអាមេរិក មានការធ្លាក់ចុះ 43 ភាគរយ

អត្ថបទដោយ៖
AMS

បរទេស ៖ បួនឆ្នាំជាប់ៗគ្នាហើយ ដែលចំនួននិស្សិតអន្តរជាតិដែលបានចុះឈ្មោះនៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅឯសហរដ្ឋអាមេរិកបានធ្លាក់ចុះ។ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយនៅក្នុងខែវិច្ឆិកានេះ ដោយក្រសួងការបរទេស និងវិទ្យាស្ថានអប់រំអន្តរជាតិ។

ការធ្លាក់ចុះនេះ បានកើតឡើងយ៉ាងច្រើន េជាពិសេសក្នុងពេលដែលលោកប្រធានាធិបតី ដូណាល់ត្រាំកាន់តំណែង គឺមិនមែនជារឿងចៃដន្យនោះទេ។ រដ្ឋបាលរបស់លោក Trump បានបន្តឹង និងរឹតត្បិតលើអ្នកណាដែលអាចសិក្សានៅទីនោះ ហើយក៏បានបង្ហាញសញ្ញាឲ្យដឹងទៀតថា និស្សិតមកពីបរទេសមិនត្រូវបានស្វាគមន៍ទេ។

បច្ចុប្បន្ននេះ មាននិស្សិតអន្ដរជាតិជាង 1 លាននាក់ប៉ុណ្ណោះ ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក។ ករណីនេះកើតឡើងតាំងពីឆ្នាំ 2015 ។ តួលេខនេះ រួមមាននិស្សិត 851,957 នាក់ បានចុះឈ្មោះនៅគ្រឹះស្ថានឧត្តមសិក្សា និង 223,539 នាក់ ចូលរួមក្នុងការបណ្តុះបណ្តាលអនុវត្តជាក់ស្តែង ជាកម្មវិធីដែលអនុញ្ញាតឱ្យនិស្សិតបញ្ចប់ការសិក្សាអន្តរជាតិថ្មីៗ បន្តស្នាក់នៅសហរដ្ឋអាមេរិកជាបណ្តោះអាសន្ន ដើម្បីទទួលបានបទពិសោធន៍ការងារ ឬអ្នកស្ម័គ្រចិត្តទាក់ទងនឹងមុខជំនាញរបស់ពួកគេ ដោយយោងតាមទិន្នន័យវិភាគពីវិទ្យាស្ថានអប់រំអន្តរជាតិ។

នៅពេលដែលនិស្សិត បានបញ្ចប់ការបណ្តុះបណ្តាលអនុវត្តជាក់ស្តែងរបស់ពួកគេ នោះចំនួននិស្សិតអន្ដរជាតិសរុបនឹងទំនងជាធ្លាក់ចុះក្រោម 1 លាននាក់។

តើនិស្សិតទាំងអស់នោះមកពីប្រទេសណាខ្លះ?

ខណៈពេលដែលមាននិស្សិតមកពី 220ប្រទេស ទិន្នន័យបានបង្ហាញថា ចិន និងឥណ្ឌាមានចំណែក 53% នៃចំនួននិស្សិតសរុប។
ប្រហែលមួយភាគបីនៃនិស្សិតអន្ដរជាតិ ដែលស្មើនឹង 34.8% បានចុះឈ្មោះចូលរៀនមុខវិជ្ជាកម្រិតបញ្ចប់ការសិក្សា។

ក្រុមដែលធំជាងគេបន្ទាប់ គឺអ្នកដែលបានចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រ ដែលមានចំនួន 33.1% ។ ការសិក្សាថ្នាក់បរិញ្ញាប័ត្ររងមានចំនួន 5.9% និងការសិក្សាថ្នាក់មិនមែនបរិញ្ញាបត្រ 5.4% ដែលនៅសល់ 20.8% ទៀត ចូលរួមក្នុងការបណ្តុះបណ្តាលអនុវត្តជាក់ស្តែង។

ជាងពាក់កណ្តាលនៃនិស្សិតទាំងអស់មកពីបរទេសស្មើនឹងប្រមាណ 52% បានសិក្សាលើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅកាត់ថា STEM ។

របៀបដែលពួកគេចំណាយសម្រាប់សាលារៀននៅកម្រិតបរិញ្ញាបត្រ និស្សិតអន្តរជាតិ 83.9% ពឹងផ្អែកលើប្រាក់ចំណូលផ្ទាល់ខ្លួននិងគ្រួសារដើម្បីចំណាយសម្រាប់ការសិក្សារបស់ពួកគេនៅសហរដ្ឋអាមេរិក។ ក្រៅពីនេះ គឺពឹងផ្អែកលើរដ្ឋាភិបាលបរទេស ឬសាកលវិទ្យាល័យ និងអ្នកឧបត្ថម្ភឯកជនបរទេស។ សរុបមកនិស្សិតអន្តរជាតិ 89.3% កំពុងយកលុយពីបរទេស ចូលមកក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក រីឯ 10.7% ទៀតពឹងផ្អែកជាចម្បងលើការផ្តល់មូលនិធិពីប្រភពសហរដ្ឋអាមេរិកផ្ទាល់។

ភាគច្រើននៃថវិកា ដែលបានចំណាយដោយនិស្សិតអន្ដរជាតិ មាន 55% ចំណាយក្នុងវិស័យឧត្តមសិក្សា។ ដែលនេះជួយជំរុញមហាវិទ្យាល័យ ឲ្យគាំទ្រដល់កម្មវិធីសិក្សាដោយមានបច្ចេកវិទ្យាខ្ពស់ ក៏ដូចជាជួយធ្វើឱ្យថ្លៃសិក្សាទាបជាងមុនសម្រាប់និស្សិតមកពីសហរដ្ឋអាមេរិក។ ប៉ុន្តែការធ្លាក់ចុះនៃចំនួននិស្សិតអន្ដរជាតិនេះ មិនធ្វើឱ្យប៉ះពាល់ត្រឹមតែមហាវិទ្យាល័យទេ តែក៏ប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុកផងដែរ។

មិនថាទិន្នន័យត្រូវបានបង្រួមយ៉ាងណាទេ ការពិតនៅតែមានថា និស្សិតអន្តរជាតិចូលរួមជាវិភាគទានវិជ្ជមានដល់សេដ្ឋកិច្ចអាមេរិក។ តាមពិតក្រុមហ៊ុន 1 ក្នុងចំណោមក្រុមហ៊ុន 4 នៅសហរដ្ឋអាមេរិក (ដែលមានទឹកប្រាក់ 1 កោដិដុល្លារ) មានស្ថាបនិកម្នាក់ដែលបានទៅដល់ទឹកដីនោះ តាមរយៈទិដ្ឋាការនិស្សិត។
វាជាការពិតទេដែលថា មានការធ្លាក់ចុះក្នុងឆ្នាំកាន់តំណែងចុងក្រោយ របស់រដ្ឋបាលលោកអូបាម៉ា ដែលភាគច្រើននោះ ដោយសារតែរដ្ឋាភិបាលប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត បានកាត់បន្ថយកម្មវិធីអាហារូបករណ៍សិក្សាក្រៅប្រទេសធំៗ សម្រាប់ពលរដ្ឋរបស់ពួកគេ? លទ្ធផលនេះធ្វើឱ្យសិស្សប្រេស៊ីលធ្លាក់ចុះ 10,586 នាក់ និងមានសិស្សអារ៉ាប៊ីសាអ៊ូឌីតចំនួន 8,670 នាក់ តិចជាងនៅចន្លោះឆ្នាំ 2014 និង 2016។

បន្ទាប់ពីជំងឺរាតត្បាតវិទ្យាស្ថានអប់រំអន្តរជាតិ ក៏បានសហការជាមួយសមាគមអប់រំជាន់ខ្ពស់ចំនួន 9 ផ្សេងទៀត ដើម្បីវាយតម្លៃការចុះឈ្មោះចូលរៀនរបស់និស្សិតអន្ដរជាតិ ចំពេលមានវិបត្តិកូវីដ -19 នេះ។
អង្គហេតុដែលគួរឱ្យព្រួយបារម្ភបំផុត ពីការស្ទង់មតិ គឺការធ្លាក់ចុះ 43% នៃការចុះឈ្មោះរបស់និស្សិតអន្តរជាតិថ្មី និងការថយចុះ 16% នៃការចុះឈ្មោះចូលរៀនអន្តរជាតិសរុប នៅរដូវស្លឹកឈើជ្រុះឆ្នាំ 2020 នេះ។

និស្សិតអន្តរជាតិប្រមាណ 40,000 នាក់ បានជ្រើសរើសពន្យារពេលការចុះឈ្មោះរបស់ពួកគេទៅថ្ងៃខាងមុខវិញ។
ចំណុចទាំងអស់ដែលត្រូវបានគេរកឃើញនេះ ឆ្លុះបញ្ចាំងពីភាពមិនប្រាកដប្រជា ជាច្រើនសម្រាប់អនាគតមហាវិទ្យាល័យអាមេរិក ដែលមានមុនពេលជំងឺរាតត្បាតចាប់ផ្តើមរីករាលដាលឡើង ដោយរំពឹងថាការចុះឈ្មោះចូលរៀនជាទូទៅនឹងធ្លាក់ចុះជាង 15% បន្ទាប់ពីឆ្នាំ ២០២៥ ដោយសារប្រជាជននៅសហរដ្ឋអាមេរិកមានអត្រាកំណើតទាប ចាប់តាំងពីឆ្នាំ 2008 និងបន្តរហូតមកដល់សព្វថ្ងៃ។
អ្នកជំនាញមួយចំនួនបានសន្មតថា ការធ្លាក់ចុះនៃអត្រាកំណើតនេះ គឺដោយសារវិបត្តិហិរញ្ញវត្ថុឆ្នាំ 2008 ។

ប្រជាជនប្រហែលជាបានពន្យាពេលមានកូន ឬមានកូនតិច ដោយសារតែការលំបាកខាងសេដ្ឋកិច្ច នៅសម័យនោះ។
ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតកូវីដ -19 នេះ ត្រូវបានគេប៉ាន់ប្រមាណថាអាក្រក់ជាងវិបត្តិហិរញ្ញវត្ថុឆ្នាំ 2008 ដល់ទៅ 3 ដង។ ដូច្នេះ នៅឆ្នាំ 2037 មហាវិទ្យាល័យអាចជួបប្រទះការថយចុះដ៏ធំមួយទៀតនៃចំនួនអ្នកចុះឈ្មោះចូលរៀនសរុប ដែលបណ្តាលមកពីការផ្លាស់ប្តូរប្រជាសាស្រ្ត ។ ជោគជ័យក្នុងការជ្រើសរើសនិស្សិតពីបរទេសនឹងក្លាយជាគន្លឹះក្នុងការទូទាត់ការធ្លាក់ចុះទាំងអស់នេះ។

ប្រភព៖ The Conversation

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner