លោក រ៉ុង ឈុន ត្រូវបានតុលាការកំពូល សម្រេចបន្តឃុំខ្លួនក្នុងពន្ធនាគារដដែល
ភ្នំពេញ៖ តុលាការកំពូល បានសម្រេចនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបន្តឃុំខ្លួនលោក រ៉ុង ឈុន ក្នុងពន្ធនាគារដដែល មិនព្រមដោះលែងតាមពាក្យស្នើសុំនោះទេ ហើយលោក រ៉ុង ឈុន ត្រូវបានបញ្ជូនត្រឡប់ទៅពន្ធនាគារព្រៃស វិញ ដើម្បីបន្តនីតិវិធី ។
សូមរំលឹកថា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបានចេញសេចក្តីថ្លែងការណ៍មួយ ពាក់ព័ន្ធបញ្ហាព្រំដែន នៅខេត្តត្បូងឃ្មុំ ។ ចៅក្រមស៊ើបបសួរសាលាដំបូងរាជធានីភ្នំពេញ លោក វ៉ាន់ សែនវិសុទ្ធ កាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានចេញដីកាឃុំខ្លួនលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង ជាប្រធានសហភាពសហជីពកម្ពុជា ដាក់ពន្ធនាគារបណ្តោះអាសន្ន ។
លោក រ៉ុង ឈុន ជាប់ចោទពីបទញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល ៕ ដោយ៖ ធី វាន់លុក