ការប្រកួតជើងឯកកីឡាប្រដាល់គុនខ្មែរ ប្រចាំឆ្នាំ២០២០ ស្ថិតការអនុវត្តវិធានការការពារ និងទប់ស្កាត់ប្រឆាំងជំងឺឆ្លង COVID-19

ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានអញ្ជើញចូលរួមកិច្ចប្រជុំមន្ត្រីបច្ចេកទេស និងផ្សព្វផ្សាយផែនការត្រៀមការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ អមជាមួយឯកឧត្តមអនុប្រធានសហព័ន្ធអគ្គលេខាធិការ មន្រ្តីសមាជិកប្រតិបត្តិសហព័ន្ធ គ្រូបង្វឹកតាមបណ្តាក្លឹបកីឡាគុនខ្មែរ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នាមជ្ឈមណ្ឌលហ្វឹក ហ្វឺនកីឡាកងយោធពលខេមរភូមិន្ទ ។


ឯកឧត្តម តែម ម៉ឺន បានមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា នៃជម្ងឺឆ្លងកូវីដ១៩ នៅកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយនាយកដ្ឋានអប់រំកាយ និងកីឡា នៃអគ្គនាយកដ្ឋានកីឡា ក្រោមគម្រោងគាំទ្រថវិកាដោយក្រសួងអប់រំយុវជននិងកីឡា ក៏បានរៀបចំការប្រកួតជើងឯកប្រចាំឆ្នាំឡើងវិញ នៅពាក់កណ្ដាលខែធ្នូខាងមុខនេះ បន្ទាប់ពីត្រូវពន្យារពេលដោយសារចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល COVID-19 ដែលសហព័ន្ធគ្រោងធ្វើពីថ្ងៃ១៦ ដល់ថ្ងៃទី២០ ខែវិច្ឆិកានេះ ។ ហើយការប្រកួតនេះដំណើរការទៅតាមការអនុវត្តវិធានការការពារ និងទប់ស្កាត់ប្រឆាំងជំងឺឆ្លង COVID-19 ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនបំផុតតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមប្រធានសហព័ន្ធ ក៏បានធ្វើការណែនាំនូវខ្លឹមសារមួយចំនួនដូចជាហាមប្រើប្រាស់សារជាតិញៀនគ្រប់ប្រភេទដូចជា ៖ថ្នាំលើកកម្លាំងជំនួយសិរីរាង្គ បញ្ចុះទឹកនោម ថ្នាំបំបាត់ការឈឺចាប់ និងប្រភេទ ថ្នាំញៀនទាំងឡាយណាដែលបានហាមឃាត់ ។ កីឡាករ-កីឡាការិនី ត្រូវមានប្រភេទទម្ងន់ពិតប្រាកដ (មិនលើស មិនខ្វះ) នូវប្រភេទទម្ងន់ កីឡាករ កីឡាការិនីនីមួយៗ ដែលបានដាក់ពាក្យចូលរួមប្រកួត ។ សម្រាប់ប្រភេទទម្ងន់ដែលត្រូវចូលរួមប្រកួតជើងឯក ឆ្នាំ២០២០នេះ មាន ផ្នែកបុរស ៤៥ គ.ក្រ, ៤៨ គ.ក្រ, ៥១ គ.ក្រ, ៥៤ គ.ក្រ, ៥៧ គ.ក្រ, ៦០ គ.ក្រ,៦៣.៥ គ.ក្រ, ៦៧ គ.ក្រនិង៧១ គ.ក្រ ។ ផ្នែកនារី មានប្រភេទទម្ងន់៥១ គ.ក្រ, ៥៤ គ.ក្រ, ៥៧ គ.ក្រ, ៦០ គ.ក្រ, ៦៣. ៥ គ.ក្រ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ប្រព្រឹត្តចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ៕
