នគរបាលខណ្ឌដូនពេញ បញ្ជូននគរបាលប៉ុស្ដិ៍ស្រះចកនៃអធិការខណ្ឌដូនពេញម្នាក់ និងបក្ខពួក៨នាក់ ទៅតុលាការ ពាក់ព័ន្ធរឿង លក់គ្រឿងញៀន

ភ្នំពេញ៖ បន្ទាប់ពីនគរបាលខណ្ឌដូនពេញ កសាងសំណុំរឿងចប់សព្វគ្រប់ហើយនោះ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនជាមន្ត្រីនគរបាលប៉ុស្តិ៍ស្រះចកម្នាក់ និងបក្ខពួក៨នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សូមជម្រាបថា លោកស័ក្តិ៣ ហ៊ីង តុលា
ជាមន្ដ្រីនគរបាលប៉ុស្ដិ៍ស្រះចក ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនកាល ពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចម្តុំស្តុបធនាគារកាណាឌីយ៉ា មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង២១ និង ១៥នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែង នៅចំណុចម្តុំក្តាន់ពីរR6 សង្កាត់ស្រះចក ខណ្ឌដូនពេញ និង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុង ដេត ភេទប្រុស ដោយបានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀន ចំនួន ២០៩កញ្ចប់ ។

បន្ទាប់ពីប្រើវិធានការជំនាញសួររកចម្លើយរួមមក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី កម្លាំងសមត្ថកិច្ច ចុះឆែកឆេរត្រួតពិនិត្យនៅតំបន់សំណង់មិនរៀបរយនៅម្តុំផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញ ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀន និង អាវុធកែច្នៃមួយចំនួន ហើយបានធ្វើការឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យឈ្មោះ សុង ដេត ភេទប្រុស និង មនុស្ស៧នាក់ បន្ថែមទៀតនាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ត ។

លុះមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩៖០០នាទី កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ទៀតឈ្មោះ ហ៊ីង តុលា ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរតែ ម្ដង ៕ដោយ៖ បញ្ញា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner