រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កត់ឈ្មោះក្រុមហ៊ុន SMIC និង CNOOC របស់ចិន ទៅក្នុងបញ្ជីខ្មៅនៃក្រុមហ៊ុនគាំទ្រដោយយោធាចិន
អាមេរិក៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកានេះថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កត់ឈ្មោះក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេរបស់ចិន SMIC និង ក្រុមហ៊ុនផលិតប្រេង និងឧស្ម័នជាតិចិនCNOOC ទៅក្នុងបញ្ជីខ្មៅនៃក្រុមហ៊ុនគាំទ្រដោយយោធាចិន ដោយនឹងហាមឃាត់ក្រុមហ៊ុនទាំងនេះមិនអោយធ្វើពាណិជ្ជកម្មជាមួយវិនិយោគិនអាមេរិកទៀតឡើយ ។
ទីភ្នាក់សារព័ត៌មានរ៉យទ័រក៏ធ្លាប់បានរាយការណ៍កាលដើមខែនេះដែរថា ក្រសួងការពារជាតិអាមេរិកបានកំណត់ក្រុមហ៊ុនចិនចំនួន០៤បន្ថែមទៀតថា ជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយយោធាចិន ដែលធ្វើឲ្យក្រុមហ៊ុនចិនសរុបចំនួន៣៥រងផលប៉ះពាល់ ។ បើតាមឯកសារ និងប្រភពដ៏គួរឲ្យទុកចិត្តចំនួន០៣ផ្សេងៗពីគ្នាបានអោយដឹងថា បញ្ជីនោះរួមមានក្រុមហ៊ុនបច្ចេកវិទ្យាសំណង់ចិន ក្រុមហ៊ុនប្រឹក្សាវិស្វកម្មអន្តរជាតិចិន ក្រុមហ៊ុន SMIC និងក្រុមហ៊ុន CNOOC ជាដើម ។
សូមជម្រាបថា វិធានការថ្មីខាងលើនេះ គឺស្របទៅតាមគោលនយោបាយប្រឆាំងនឹងប្រទេសចិនរបស់លោក ដូណាល់ ត្រាំ ដែលនឹងធ្វើអោយរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន ស្ថិតក្រោមជំហរដ៏លំបាក ខណៈសំឡេងប្រឆាំងទីក្រុងប៉េកាំង នៅក្នុងសភាអាមេរិកកំពុងតែកើនឡើងទាំងក្រុមសាធារណរដ្ឋ និង ប្រជាធិបតេយ្យ ៕


