ក្រសួងយុត្តិធម៌៖មកដល់ពេលនេះពុំមានមន្រ្តីក្នុងប្រព័ន្ធយុត្តិធម៌ណាម្នាក់មានលទ្ធផលវិជ្ជមានកូវីដ-១៩ នោះទេ
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រកាសនៅថ្ងៃនេះថាបើយោងតាមលទ្ធផលរបស់ក្រសួងសុខាភិបាល គិតត្រឹមម៉ោង៦ ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងយុត្តិធម៌ រួមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ គឺពុំមាននរណាម្នាក់មានលទ្ធផលវិជ្ជមានកូវីដ-១៩ នោះទេ។
យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ដែល AMSទទួលបាននោះបានបញ្ជាក់ថា “បច្ចុប្បន្ននេះ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងយុត្តិធម៌ រួមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ ដែលមានការជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដោយផ្ទាល់ ឬដោយប្រយោល បានធ្វើចត្តាឡីស័ក ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល”។
គួរបញ្ជាក់ថាកម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារ អគ្គនាយកពន្ធនាគារកម្ពុជារួចមក៕