ប្អូនស្រីបង្កើតមេដឹកនាំកូរ៉េខាងជើងនិយាយថា ទំនាក់ទំនងអន្តរកូរ៉េកាន់តែអាក្រក់មួយកម្រិតទៀត ក្រោយកូរ៉េខាងត្បូងរិះគន់វិធានការការពារ Covid-19 របស់កូរ៉េខាងជើង
កូរ៉េខាងជើង៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង នៅថ្ងៃពុធនេះបានថ្លែងវាយប្រហារលើរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បន្ទាប់ពីនិយាយរិះគន់ដល់វិធានការការពារ Covid-19 របស់កូរ៉េខាងជើង និងបានព្រមានថា ទង្វើនេះ នឹងធ្វើអោយភាពជាប់គាំងនៃទំនាក់ទំនងអន្តរកូរ៉េកាន់តែអាក្រក់ខ្លាំងមួយកម្រិតទៀត នេះបើតាមសារព័ត៌មានយ៉ុបហាប់នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ។
ថ្លែងនៅក្នុងសេចក្តីប្រកាសមួយ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅព្រឹកថ្ងៃពុធនេះ លោកស្រី គីម យ៉ូជុង បានបញ្ជាក់ថា សម្តីរបស់គាត់ បង្ហាញអោយឃើញពីការនិយាយស្តីទាំងគ្មានការពិចារណា ដោយវាកាន់តែធ្វើអោយភាពជាប់គាំងក្នុងទំនាក់ទំនងខាងជើង និងខាងត្បូងកាន់តែអាក្រក់ខ្លាំងឡើង ហើយថា ពួកយើងនឹងមិនបំភ្លេចសម្តីរបស់គាត់ ហើយគាត់ប្រហែលជាត្រូវទទួលការតបស្នងជាទីគាប់ចិត្តសម្រាប់រឿងនេះ ។
សូមជម្រាបថា ប្រតិកម្មរបស់លោកស្រី គីម យ៉ូជុង ខាងលើនេះ កើតមានឡើងបន្ទាប់ពីកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី កាង ឃ្យុងវ៉ា បានថ្លែងក្នុងវេទិកាមួយនៅប្រទេសបារ៉ែនថា កូរ៉េខាងជើងមិនបានឆ្លើយតបទៅនិងកិច្ចសហប្រតិបត្តិការទប់ស្កាត់ Covid-19 តាមព្រំដែន ដែលអំពាវនាវដោយកូរ៉េខាងត្បូងនោះឡើយ ហើយថា អ្វីដែលទីក្រុងព្យុងយ៉ាងប្រកាសថា ប្រទេសខ្លួនគ្មានករណីឆ្លង Covid-19 សូម្បីតែមួយ គឺជារឿងពិបាកជឿ ៕


