ពិភពលោករួមដៃគ្នាធ្វើសកម្មភាពបង្កើនការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីសុវត្ថិភាពផែនដី
កិច្ចប្រជុំខួបគម្រប់5ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី12ធ្នូ ក្រោមសហអធិបតីរបស់អ្នកតំណាងអង់គ្លេស និង អ.ស.ប។ រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ប្រទេសនេះដាក់ចេញគោលដៅកាត់បន្ថយ 2/3 នៃបរិមាណឧស្ម័នបញ្ចេញចោលក្នុងទសវត្សនេះ ហើយដល់ឆ្នាំ2030នឹងកាត់បន្ថយ 68% នៃបរិមាណឧស្ម័នផ្ទះកញ្ចក់ បើប្រៀបធៀបនឹងកម្រិតនៃឆ្នាំ1990 ឆ្ពោះទៅការបន្សាបឧស្ម័នកាបូនិកនាឆ្នាំ 2050។
កាលពីខែមុន នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសផែនការមួយស្ដីពី “បដិវត្តន៍ឧស្សាហកម្មបៃតង” ដែលក្នុងនោះនឹង បង្កើតឡើងការងារធ្វើចំនួន 25 ម៉ឺនកន្លែង។ ផែនការនេះរួមមានការហាមប្រាមលក់ប្រភេទរថយន្តថ្មីៗ ដើរដោយប្រេង និងសាំង និងប្រេងម៉ាស៊ូត បង្កើនថាមពលវាយោអគ្គីសនីនៅនាយសមុទ្រឡើង4ដង ហើយលើកកំពស់សមត្ថភាពផលិត អ៊ីដ្រូសែនក្នុងមួយទសវត្សខាងមុខនេះ។ ក្រៅពីអង់គ្លេស គឺចិន សហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូងក៏បានសន្យាឆ្ពោះទៅរកការបន្សាបឧស្ម័នកាបូនិកផងដែរ។

លោក PetteriTaalasអគ្គលេខាធិការអង្គការឧតុនិយមអន្តរជាតិ ថ្លែងឱ្យដឹងថាពីខែមករាដល់ខែតុលា ឆ្នាំ 2020 សីតុណ្ហភាពសកលបានកើនឡើងជាមធ្យមប្រមាណជា 1,2 អង្សារធៀបនឹងសីតុណ្ហភាព ចន្លោះឆ្នាំ 1850 និងឆ្នាំ 1900។ក្នុងរយៈពេល10ឆ្នាំចុងក្រោយ សីតុណ្ហភាពក្នុងលោកបន្តកើនឡើងជានិច្ច អត្រាកំណើននេះបានរុញឆ្នាំ 2020 ឱ្យចូលក្នុងឆ្នាំដែលមានសីតុណ្ហភាពក្តៅខ្លាំងលំដាប់ទី2 បន្ទាប់ពីឆ្នាំ2016 និងឆ្នាំ 2019។ តែចំណាត់ថ្នាក់នេះអាចនឹងប្រែប្រួលនៅពេលដែលអង្គការឧតុនិយមអន្តរជាតិទទួលបានទិន្នន័យពេញមួយឆ្នាំ 2020។
ទោះជាយ៉ាងនេះក្តី ស្ថាប័នអន្តរជាតិមួយនេះបានបញ្ជាក់ដោយមិនអល់អែកថា ពិភពលោកនឹងមិនអាចគោរពបាននូវកម្មវត្ថុរបស់កិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ ដែលបានចុះហត្ថលេខាដោយ195ប្រទេសក្នុងឆ្នាំ2015 បានឡើយ។ កាលណោះ ក្រុមប្រទេសហត្ថលេខីបានប្តេជ្ញាទប់សីតុណ្ហភាពក្នុងបរិយាកាសមិនឱ្យកើនលើសកម្រិត 1,5 អង្សារធៀបនឹងសម័យមុនឧស្សាហកម្ម។ តាមការព្យាកររបស់អង្គការឧតុនិយមអន្តរជាតិ សីតុណ្ហភាពសកលជាមធ្យម អាចនឹងកើនលើសពីកម្រិត 1,5អង្សារពីពេលនេះទៅឆ្នាំ 2024។
កម្តៅខ្លាំង ភ្លើងឆេះព្រៃ ទឹកជំនន់ កំណើនជាតិអាស៊ីតនៅក្នុងសមុទ្រ និងកំណើនព្យុះសង្ឃរានៅអាត្លង់ទិក ទាំងនេះសុទ្ធសឹងជាសញ្ញាដែលបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុបានបន្តកើនឡើងមិនចេះចប់ក្នុងឆ្នាំ2020 នេះជាការលើកឡើងរបស់អង្គការឧតុនិយមអន្តរជាតិ។ កំណើនកម្តៅគួរឱ្យចាប់អារម្មណ៍ គឺនៅអាស៊ីខាងត្បូង ពិសេសនៅតំបន់អាក់ទិក ស៊ីបេរី ដែលសីតុណ្ហភាពបានកើនលើសជា មធ្យមជាង 5អង្សារ។ នៅតំបន់ស៊ីបេរី សីតុណ្ហភាពនាដំណាច់ខែមិថុនាមានដល់ទៅ38អង្សារ។ អគ្គីភ័យឆាបឆេះព្រៃឈើនៅប្រទេសអូស្រា្តលី តំបន់ស៊ីបេរី នៅឆ្នេរខាងលិចសហរដ្ឋអាមេរិក និងនៅអាមេរិកឡាទីនជាអគ្គីភ័យសកម្មជាងគេនារយៈពេល 18 ឆ្នាំចុងក្រោយនេះ។
តំបន់ខ្លះក្នុងទ្វីបអាហ្រ្វិក និងនៅអាស៊ីអាគ្នេយ៍បានជួបប្រទះនូវគ្រោះទឹកជំនន់ដែលបណ្តាលឱ្យមានជនបម្លាស់ទីយ៉ាងច្រើនសម្បើម និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀងរបស់ប្រជាជនរាប់សិបលាននាក់។ បម្រែបម្រួលអាកាសធាតុក៏បានធ្វើឱ្យប៉ះពាល់ដល់សម្បត្តិបេតិភណ្ឌពិភពលោករបស់អង្គការ Unesco ដែរ។ តាមរបាយការណ៍ចេញផ្សាយដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិក្នុងថ្ងៃពុធទី2ធ្នូ មានទីតាំងធម្មជាតិចំនួន1/3 ក្នុងចំណោមទីតាំងធម្មជាតិទាំង252 របស់អង្គការ Unisco បានរងការគំរាមកំហែងដោយបម្រែបម្រួលអាកាសធាតុ។
បើតាមគណៈកម្មាធិការធនធានអន្តរជាតិ មានការទាញយកធនធានធម្មជាតិបឋមជាង 90 កោដលានតោន ជារៀងរាល់ឆ្នាំ ជាការប្រើប្រាស់ធនធានធម្មជាតិដែលពុំមាននិរន្តរភាព។ ប្រការនេះ ដាក់សម្ពាធដ៏ច្រើនលើសលប់លើធនធានធម្មជាតិ និងលើប្រព័ន្ធអេកូឡូស៊ី។ ការបាត់បង់ជីវៈចម្រុះ និងការដាក់សម្ពាធលើធនធានទឹក 90% មានភាពពាក់ព័ន្ធជាមួយនឹងការទាញយកធនធានទាំងនេះ។

ឥឡូវនេះ គេទទួលស្គាល់យ៉ាងទូលំទូលាយថា យើងកំពុងឋិតនៅក្នុងដំណាក់កាលផុតពូជជាទ្រង់ទ្រាយធំលើកទី6 ដោយសារកត្តាមនុស្សតែមួយមុខគត់។ ក្រៅតែពីការបំផ្លិចបំផ្លាញអេកូឡូស៊ី ក៏ដូចជាពពួកសត្វ រុក្ខជាតិក្នុងចំនួនរាប់មិនអស់ ការទាញយកធនធាន និងការចោលសំណល់ដែលពុំមាននិរន្តរភាព នាំឲ្យមានការកើនឡើងយ៉ាងឆាប់រហ័សនូវបញ្ហាបំពុលបរិស្ថាន និងបញ្ហាសំណល់។
ទន្ទឹមជាមួយគ្នានោះ ប្រព័ន្ធអេកូឡូស៊ីសកលកំពុងប្រឈមនឹងស្ថានភាពអាសន្ន ដោយពពួកសត្វជាង1លានប្រភេទត្រូវប្រឈមនឹងហានិភ័យនៃការស្លាប់ផុតពូជ ផ្ទៃដីវាលខ្សាច់កាន់តែពង្រីក ខណៈដែលវាលភក់កំពុងបាត់បង់ទៅពីមួយថ្ងៃទៅមួយថ្ងៃ។ ជារៀងរាល់ឆ្នាំ ពិភពលោកក៏បាត់បង់ព្រៃឈើប្រមាណ10លាន ហិកតាផងដែរ។ ធ្ងន់ធ្ងរជាងទៀត ស្ថានភាពបំពុលខ្យល់អាកាស និងទឹក កំពុងញាំងឱ្យមនុស្សចំនួន 9លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំ2019 គ្រោះមហន្តរាយធម្មជាតិពាក់ព័ន្ធដល់ការប្រែប្រួលអាកាសធាតុបានបណ្ដាលឱ្យ ខាតបង់ឡើងដល់ទៅ150ពាន់លានដុល្លាអាមេរិក។ ការប្រែប្រួលអាកាសធាតុនឹងធ្វើឱ្យជំងឺរាតត្បាតកើតមានឡើងជាច្រើនជាងនាពេលអនាគត ហើយតាមពិតទៅប្រទេសទាំងអស់នាសព្វថ្ងៃមិនថាប្រទេសធំ ឬតូចនោះទេ សុទ្ធតែត្រូវប្រឈមនឹងគ្រោះថ្នាក់ផ្នែកសុខាភិបាលកាន់តែធ្ងន់ធ្ងរឡើងដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។
នៅចំពោះមុខស្ថានភាពប្រកាសអាសន្នខាងលើ អ.ស.ប បានអំពាវនាវឱ្យប្រទេសទាំងឡាយត្រូវធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីបញ្ឈប់ ទង្វើបំផ្លិចបំផ្លាញភពផែនដី ហើយសំខាន់បំផុត គឺមនុស្សម្នាក់ៗលើផែនដីត្រូវបញ្ឈប់ “ការបង្កសង្គ្រាម” ជាមួយធម្មជាតិផងដែរ។ ដើម្បីធ្វើបានយ៉ាងដូច្នេះ អ.ស.ប បានអំពាវនាវឱ្យបណ្ដាប្រទេសគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ព្រមទាំងសន្យាកាត់បន្ថយការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់នៅកម្រិត0% ហើយផ្ដល់ជំនួយដល់កិច្ចខិតខំប្រឹងប្រែងបន្សាំ នឹងការប្រែប្រួលអាកាសធាតុផងដែរ។
នៅចំពោះមុខផលប៉ះពាល់ដែលបានបណ្ដាលមកពី ការប្រែប្រួលអាកាសធាតុនាពេលកន្លងមក ពិភពលោកទាំងមូលត្រូវធ្វើសកម្មភាពភ្លាមមួយរំពេច។ ជាងពេលណាៗទាំងអស់ បណ្ដាប្រទេសលើពិភពលោកត្រូវបង្ហាញតួនាទីឱ្យបានច្បាស់ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុ ដើម្បីធានាដល់អនាគតនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយសំខាន់ជាងទៀតគឺសុវត្ថិភាពនៃភពផែនដី៕