កម្ពុជា ត្រៀមអង្ករ ចំនួន ៣០.០០០ តោន រួចជាស្រេចសម្រាប់ការនាំចេញទៅកាន់ទីផ្សារទីម័រខាងកើត ទៅតាមការចង់បាន
នៅក្នុងឱកាសទទួលជួប សម្តែង ការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អើមេនេហ្គីលដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាន៍ ថា កម្ពុជា បានរៀបចំត្រៀមអង្ករចំនួន ៣០.០០០ តោនរួចជាស្រេចសម្រាប់នាំចេញទៅប្រទេសទីម័រខាងកើត ហើយ ស្នើសុំឲ្យសហភាគីទីម័រខាងកើតពិនិត្យលទ្ធភាព និងផ្ដល់ដំណឹងជូនដល់កម្ពុជាវិញ។ ឯកឧត្តមរដ្ឋមន្រ្ដី បានលើកឡើងពីអនុស្សរណៈ នៃការយោគយល់គ្នាស្ដីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបាន ចុះហត្ថលេខា រួច ហើយ និងស្នើសុំឲ្យពន្លឿនការអនុវត្តអនុស្សរណៈនេះ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។
ការត្រៀមខ្លួនជាស្រេចនៅក្នុងការនាំចេញគឺ ត្រូវបានឆ្លើយតបភ្លាមៗ នៅក្រោយពេលដែលឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើការ កត់សម្គាល់ នូវបំណង ក្នុងការនាំចូលអង្ករកម្ពុជាទៅប្រទេសទីម័រខាងកើត ដើម្បីផ្គត់ផ្គងទៅទីផ្សារទីម័រខាងកើត ក្រោយពី បញ្ហា ជាប់គាំងនយោបាយនៅប្រទេសទីម័រខាងកើត ត្រូវបានដោះស្រាយ ហើយក៏បានជម្រាបជូនថា ប្រទេស ទីម័រខាងកើត មានកសិផលមួយចំនួនដែលអាចនាំចេញមកទីផ្សារកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានសម្ដែងការស្វាគមន៍ដល់វិស័យឯកជននៃប្រទេសទីម័រខាងកើត បើករោងចក្រ កិនស្រូវ នៅ កម្ពុជា ដើម្បីនាំចេញអង្ករទៅទីម័រខាងកើតវិញ ផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវភាពរីករាយ និងការគោរព ចំពោះប្រទេស និងប្រជា ជនកម្ពុជា ជារួមដែលបានចាត់ទុក និងរាប់អានប្រទេស និងប្រជាជនទីម័រខាងកើតជាបងប្អូន ព្រមទាំង បាន ជួយ ជ្រោម ជ្រែងទីម័រខាងកើតក្នុងគ្រប់វេទិកាទាំងអស់។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូន ពីសកម្មភាព មួយចំនួន របស់រដ្ឋាភិបាលទីម័រខាងកើត ក្នុងកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងទំនាក់ ទំនង ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
ក្នុងនេះដែរ ក្រៅពីនោះ ឯកឧត្តម ឯកអគ្គរដ្ឋ ទូត បានជម្រាបជូនថា នៅក្នុងវិស័យប្រេងឥន្ធនៈរបស់ទីម័រខាងកើត គឺកំពុងតែត្រូវការកម្មករ ហើយ ចំពោះ កម្ពុជា រដ្ឋាភិបាលទីម័រខាងកើតនឹងផ្ដល់ការងារក្នុងវិស័យនេះចំនួន ៣.០០០ កន្លែងជូនដល់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះការផ្ដល់ ព័ត៌មានដោយ ឯកឧត្តម ឯកអគ្គរដ្ឋទូត ទីម័រខាងកើត និងបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ៕