រន្ធត់ណាស់ ! បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយផាស់អាប់ ដួលបោកនឹងថ្នល់បែកក្បាលស្លាប់ ក្នុងថ្លុកឈាម
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយផាស់អាប់ ដួលបោកនឹងថ្នល់បែលក្បាលស្លាប់ ក្នុងធ្លុកឈាមយ៉ាងអាណោចអាធម៌ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ចំណុចមុខសណ្ឋាគារកាំបូឌីយ៉ាណា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
បុរសដែលបានស្លាប់មានឈ្មោះសូ លី ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយជិះម៉ូតូហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-9942 ។
ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មានផាស់អាប់ និងម៉ូតូ១គ្រឿង ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវព្រះសុីសុវត្ថិ ទិសដៅពីត្បូងទៅជើងស្របទិសគ្នា ខណះមកដល់ចំណុចកើតហេតុប្រហែលជាទាក់ដៃចង្កូតគ្នា បណ្តាលឲ្យម៉ូតូអូសជាច្រើនម៉ែត្រ ហើយអ្នកជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព បានបោកក្បាលទៅនឹងថ្នល់ស្លាប់ក្នុងធ្លុកឈាមយ៉ាងអាណោចអាធម៌ ចំណែកផាស់អាប់បន្ថែមល្បឿនគេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធទាក់ទងទៅសមត្ថកិច្ច ។
ភ្លាមនៅសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងបានទាក់ទំនងជំនាញមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី ចំណែកសពសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕