កម្ពុជា-ទីម័រខាងកើត សន្យារួមគ្នាអភិវឌ្ឍន៍វិស័យការងាររឹតតែប្រសើរក្រោយចប់កូវីដ-១៩

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានសន្យាអភិវឌ្ឍន៍វិស័យការងាររវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរបន្តទៀត ក្រោយចប់ជំងឺកូវីដ-១៩។  ការបញ្ជាក់ជំហរយ៉ាងដូច្នេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី ឯកឧត្តម Ermenegildo Kupa Lopes (អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស) នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ ជំនួបពិភាក្សានេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានសហការជាមួយគ្នាយ៉ាងល្អកន្លងមក ហើយបាននិងកំពុងបន្តពង្រឹងពង្រីកបន្ថែមទៀត។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេង បានទទួលស្វាគមន៍​ចំពោះឯកឧត្តមឯកអគ្គរាជទូត នៃសាធារដ្ឋប្រជាធិបតេយ្យទីម័រខាងកើត យ៉ាងកក់ក្ដៅ និងបានបញ្ជាក់ពីទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនយើងទាំងពីរ ដែលមានធម្មជាតិដ៏ស្រស់ត្រកាល និងប្រវិត្តសាស្ត្រប្រហាក់ប្រហែលគ្នា។ 

ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្រួបបង្រួមជាតិ នាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍នៅគ្រប់វិស័យ ដែលអនុញ្ញាត​ឱ្យប្រជាជន​កម្ពុជា​មកពីគ្រប់​និន្នាការនយោបាយអាចរួមរស់ ប្រកបដោយសុខដុមរមនាជាមួយគ្នា។ ឯកឧត្តម Ermenegildo បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រ​ដល់បេក្ខភាព​របស់ប្រទេសទីម័រខាងកើត នៅក្នុងក្របខណ្ឌ​អាស៊ាន។ ឯកឧត្តមអគ្គរដ្ឋទូត បានសន្យាថា នឹងខិតខំបំពេញបេសកកម្មការទូតឲ្យទទួលបានជោគជ័យ នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។ ឯកឧត្តម បានចាត់ទុកកម្ពុជាជាគេហដ្ឋានទី២ របស់ខ្លួន និងមានភាពកក់ក្តៅយ៉ាងខ្លំាង ទោះបីពេលនេះ ពិភពលោកមានបញ្ហាកូវីដ-១៩ តែកម្ពុជាបានគ្រប់គ្រងស្ថានការណ៍ជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។  

ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមកដែលប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ រួមមាន៖

  ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធីការសិក្សា ជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សានិងព័ត៌មានពាក់ព័ន្ធវិស័យនានា រួមទាំងការសិក្សាប្រៀបធៀបលើវិស័យការងារ មុខរបរ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជា៖ ការចរចារជាសមូហភាព  ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម  ការគាំពារពលកម្ម    សេរីភាពខាងសមាគម សុវត្ថិភាព និងសុខភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្តូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ 

  ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ចរវាងមន្ត្រីទទួលបន្ទុក និងមន្ត្រីជំនាញ

   ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ 

  ការផ្លាស់ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស៕

 

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner