វៀតណាមជំរុញសហគ្រាសក្នុងស្រុកត្រូវស្វែងយល់ពីកិច្ចព្រមព្រៀងសេរីអឺរ៉ុបដើម្បីទាញប្រយោជន៍
រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហ៏កម្មរបស់វៀតណាម បានស្នើឱ្យសហគ្រាសខ្នាតតូច និងមធ្យមត្រូវស្វែងយល់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយអឺរ៉ុបដើម្បីទាញប្រយោជន៍ចេញពីកិច្ចព្រមព្រៀងដ៏ធំមួយនេះ។
រដ្ឋមន្រ្តីពាណិជ្ជកម្មវៀតណាមថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតឱ្យមានទីផ្សារសេរី និងការធ្វើកំណែទម្រង់កិច្ចការរដ្ឋបាល ស្ថាប័ន និងគោលនយោបាយដែលអឺរ៉ុបនឹងកាត់ពន្ធនាំចូលចំនួន៨៥.៦ភាគរយ ខណៈដែលអឺរ៉ុបគឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាមដែលទំហំស្មើនឹង៧០.៣ភាគរយ។

បន្ថែមពីនេះ ក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាតាំងពីពាក់កណ្តាលឆ្នាំមុន បានអនុញ្ញាតឱ្យរាល់ការនាំចេញទៅអឺរ៉ុបនឹងមានអត្រាពន្ធ ០ភាគរយក្នុងរយៈពេល ៧ឆ្នាំ។
ក្នុងឱកាសដ៏ធំនេះ រដ្ឋមន្ត្រីវៀតណាម បានមើលឃើញពីបញ្ហាប្រឈមរបស់សហគ្រាសខ្នាតតូចនិងមធ្យមរបស់វៀតណាមគឺ កត្តាគុណភាពផលិតផលក្នុងស្រុក។ ដោយឡែក ប្រធានក្រុមសហគ្រាសខ្នាតតូច និងមធ្យមរបស់វៀត មានសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងនេះ ក៏ប៉ុន្តែក៏បានសំដែងក្តីបារម្ភទៅលើកត្តាបច្ចេកវិទ្យា និងការប្រកួតប្រជែងផលិតក្នុងស្រុករបស់អឺរ៉ុបព្រោះកង្វះខាតចំណេះដឹង ពត៌មាន និងបទបញ្ញាតិនានាដែលជាតម្រូវការរបស់អឺរ៉ុប។
កិច្ចព្រមព្រៀងទីផ្សារសេរីអឺរ៉ុប និងវៀតណាមនឹងត្រូវអនុម័តដោយរដ្ឋសភានៅថ្ងៃ ៨ ខែមិថុនា និងត្រូវចូលជាធរមាននៅខែកក្កដា ឆ្នាំ ២០២០៕