ការិយាល័យសិទ្ធមនុស្ស UNជំរុញថៃ ឲ្យកែប្រែច្បាប់ប្រមាថស្តេច ដោយថាបំពានសេរីភាពបញ្ចេញមតិ
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី១៨ ធ្នូ ម្សិលមិញ បានអំពាវនាវដល់ប្រទេសថៃធ្វើវិសោធនកម្មលើច្បាប់ប្រមាថព្រះមហាក្សត្រថៃ ដោយការិយាល័យមួយនេះអះអាងថា ច្បាប់នេះ កន្លងមក ត្រូវបានប្រើប្រាស់មកលើសកម្មជនយ៉ាងតិច៣៥នាក់ ក្នុងនោះ ក៏មានកុមារវ័យ១៦ឆ្នាំម្នាក់ដែរ នាប៉ុន្មានសប្តាហ៍មកនេះ។
ការិយាល័យនេះថា ប្រទេសថៃគួរឈប់ប្រើប្រាស់ច្បាប់ ដែលចែងការហាមមិនឲ្យប្រមាថដល់ស្តេច ព្រមទាំង ឈប់ប្រើប្រាស់ការចោទប្រកាន់បទឧក្រិដ្ឋធ្ងន់ធ្ងរផ្សេងៗទៀត លើក្រុមបាតុករ ដោយនិយាយថា ការធ្វើបែបនេះគឺជាការបំពានដល់សេរីភាពនៃការបញ្ចេញមតិ។
ការអំពាវនាវរបស់ក្រុមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះធ្វើឡើង ក្រោយពេលក្រុមបាតុករថៃ ភាគច្រើនជាយុវជន បានទាមទារឲ្យលុបចោលមាត្រា១១២ ករណីកាត់ទោសពីបទប្រមាថអង្គព្រះមហាក្សត្រ ហើយ កន្លងមក ក៏មានការទាមទារ ឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ និងឲ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងនាយករដ្ឋមន្ត្រីទៀតផង៕ ប្រភពពី CNA