លោក ប្រាយុទ្ធ ចាន់អូចា អំពាវនាវអោយប្រជាជនកុំភ័យស្លន់ស្លោ ខណៈថៃទើបរកឃើញអ្នកឆ្លង Covid-19 ចំនួន៣៨២នាក់ ដែលទាក់ទិននឹងករណីឆ្លងក្នុងសហគមន៍
ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ជំរុញអោយប្រជាជនថៃកុំមានការភ័យស្លន់ស្លោ ចំពោះរលកថ្មីនៃការឆ្លង Covid-19 ដែលបានហូរចេញពីខេត្ត សាមុត សាខន នៅភាគនិរតីនៃទីក្រុងបាងកក នេះបើតាមសារព័ត៌មាន ឌឹ ថៃហ្គឺ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។
តាមរយៈបណ្តាញសង្គមហ្វេសបុក នាយករដ្ឋមន្រ្តីថៃរូបនេះបានជំរុញអោយ ប្រជាជនទាំងអស់កុំភ្លេចការពារខ្លួន ដោយត្រូវពាក់ម៉ាសគ្រប់ពេលទាំងអស់នៅពេលធ្វើដំណើរចេញក្រៅផ្ទះ ត្រូវរក្សាគម្លាតសង្គម និងត្រូវលាងសម្អាតដៃអោយបានញឹកញាប់ ។ ការអំពាវនាវខាងលើនេះរបស់លោក ប្រាយុទ្ធ បានកើតមានឡើងបន្ទាប់ពីអាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីអ្នកឆ្លង COVID-19 ថ្មីៗសរុប៣៨២នាក់ទៀត ក្នុងចំណោមអ្នកឆ្លងទាំងនោះ ភាគច្រើនគឺជាពលករចំណាកស្រុក ដែលស្ថិតនៅខេត្ត សាមុត សាខន ភាគនិរតីប្រទេស ។
ក្នុងចំណោមករណីឆ្លងជំងឺ COVID-19 ថ្មីៗទាំង៣៨២នាក់ខាងលើនេះដែរ គឺមាន ៣៦០នាក់ជាពលករនៅក្នុងខេត្ត សាមុត សាខន ខណៈ១៤នាក់ទៀតគឺជាអ្នកដែលរស់នៅក្នុងខេត្តចំនួន០៦របស់ថៃ ប៉ុន្តែខេត្តទាំងអស់នេះ មិនស្ថិតនៅជិតទីក្រុងបាងកកឡើយ ។ ដោយឡែកសម្រាប់០៨ករណីឆ្លងផ្សេងទៀត គឺជាប្រភេទករណីនាំចូលពីក្រៅប្រទេស ៕


