រដ្ឋមន្ត្រីក្រសួងបរិស្ថាន គាំទ្រគម្រោងស្រូវមិត្តភាព​សង្គ្រោះ​សត្វព្រៃ

ឯកឧត្តម សាយ សំអាល់ គាំទ្រគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ជួយការពារនិងអភិរក្សធនធានធម្មជាតិ
«គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ជាឧត្តមានុវត្តមួយនៃយន្តការការទូទាត់សេវាបរិស្ថាន ដែលមានការចូលរួមពីសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិ ដោយបានរួមចំណែក ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា» នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញចូលរួមជាមួយលោកជំទាវ ជាអធិបតីក្នុងពិធីសម្ពោធក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ ខន់សើវសិន និងពិនិត្យមើលខ្សែសង្វាក់វេចខ្ចប់អង្ករមិត្តភាពសង្គ្រោះសត្វព្រៃ នៅរាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញការគាំទ្រចំពោះលក្ខខណ្ឌដែលគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (ឬស្រូវត្រយងយក្ស ឬស្រូវអាយប៊ីស) អនុវត្តតាមគោលការណ៍សរីរាង្គសំខាន់ៗ ដែលផ្សារភ្ជាប់ជាមួយនឹងការគោរពបទដ្ឋានបរិស្ថាន និងការការពារធនធានធម្មជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ WCS អង្គការសន្សំម្លប់ព្រៃ ក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ និង ដៃគូដែលបានយកគម្រោងនេះមកអនុវត្តជាមួយប្រជាកសិករ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ និង បានលើកទឹកចិត្តឱ្យគម្រោងបន្តពង្រីកសកម្មភាពទៅតំបន់ផ្សេងៗទៀត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការបង្កើនកេរ្ត៍ឈ្មោះផលិតផលស្រូវត្រយងនៅលើទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិកាន់តែច្រើន។

លោក កែន សេរីរដ្ឋា នាយកកម្មវិធីប្រចាំប្រទេសនៃអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា(WCS) បានឱ្យដឹងថាការ អនុវត្តគម្រោងស្រូវត្រយង អនុវត្តទទួលបានជោគជ័យនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ និងដែនជម្រកសត្វព្រៃសៀមប៉ាង នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងបន្ទាប់មកបានទៅដល់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន ផលិតផលស្រូវត្រយង រួមមាន៖ អង្ករអាយប៊ីស អាហារសម្រន់អាប៊ីស និងនំដុតអាយប៊ីស ត្រូវបានផលិត និងនាំយកទៅលក់នៅលើទីផ្សារធំៗក្នុងស្រុក និងទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ បានកំណត់ឱ្យកសិករទាំងអស់គោរពតាមគោលការណ៍ សរីរាង្គចំនួន១២ចំនុច ក្នុងនោះមាន៖ គោរព គោលការណ៍សរីរាង្គ ដែលមិនប្រើប្រាស់ជីគីមី ឬក៏ថ្នាំគីមី ឬថ្នាំសម្លាប់សត្វល្អិតមួយចំនួនទៀត គោរពទៅនឹងគោលការណ៍ដាំដុះតាមបទដ្ឋានបច្ចេកទេស និងមិនកាប់រានដីព្រៃបន្ថែម ព្រមទាំងត្រូវចូលរួមការពារ និងអភិរក្សសត្វព្រៃ។ បើអនុវត្តបាន កសិករមានសិទ្ធិពេញលេញក្នុងការលក់ស្រូវជូនគម្រោង ក្នុងតម្លៃលើសទីផ្សារ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner