ជនសង្ស័យ២នាក់លួចកាច់កម៉ូតូប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនបាន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីលួចកាច់កម៉ូតូប្រជាពលរដ្ឋបានសម្រេច កាលពីវេលាម៉ោង៩និង៥៥នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្បែររង្វង់មូលកួរស្រូវ ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ទី១.ឈ្មោះសំរិត ចាវ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី២.ឈ្មោះម៉ក់ លាងហេង អាយុ១៣ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ចំណែកឯជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ កយ បូរិន្ទ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកតខ្សែកាប្លិ៍ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមសម្ដីបុរសជាម្ចាស់ម៉ូតូ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខ បាត់ដំបង 1Q-8191 មកឡើងតខ្សែកាប្លិ៍ តែមិនបានដកសោចេញពីម៉ូតូនោះទេ ខណៈពេលដែលគាត់ឡើងបានប្រហែលជាកម្ពស់៣ម៉ែត្រក៏មានជនសង្ស័យពីរនាក់បានមកសួរនាំគាត់ពីនេះពីនោះ ពេលនោះគាត់ក៏បានឡើងទៅលើបង្គោលភ្លើងបានកម្ពស់ប្រហែលជា៥ម៉ែត្រ ស្រាប់តែជនសង្ស័យទាំងពីរនាក់នេះធ្វើសកម្មភាពបញ្ឆេះម៉ូតូរបស់គាត់ហើយឡើងជិះបំណងគេចខ្លួន តែភ្លាមៗនោះគាត់ក៏សម្រូតចុះមកវិញស្រែកថាចោរៗ ស្របពេលនោះក៏មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសកំពុងតែជិះម៉ូតូល្បាតឮនិងឃើញក៏ដេញតាម និងបោះដៃតាមវិទ្យុទាក់ទងឱ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោជួយស្ទាក់ដេញតាមជនសង្ស័យរហូតមកដល់ភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោទើបជនសង្ស័យទាំងពីរនាក់បានផ្ដួលម៉ូតូចោលហើយរត់ចូលក្នុងទឹកបឹង។ ក៏ប៉ុន្តែកម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធរហូតចាប់បានជនសង្ស័យទាំងពីរនាក់ដែលក្នុងនោះមានម្នាក់ទើបតែមានអាយុ១៣ឆ្នាំទេ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានឱ្យដឹងថា ដោយសារតែមានជនសង្ស័យម្នាក់អាយុ១៣ឆ្នាំជាអនីតិជនទើបលោកមិនទាន់សម្រេចបញ្ជូនឬយ៉ាងណានោះទេចាំឆ្លងយោបល់ពីថ្នាក់លើសិន។ ដោយឡែកជនសង្ស័យដែលមានឈ្មោះ សំរិត ចាវ អាយុ២០ឆ្នាំ លោកបានបញ្ជាឲ្យជំនាញព្រហ្មទណ្ឌខណ្ឌកសាងសំណុំរឿងនិងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ ដោយ៖ ឆៃ ហួត និង ភារ៉ា