លោកបណ្ឌិត តេង រិទ្ធី ៖ ភាពប្រកួតប្រជែងលើទីផ្សារកាន់តែខ្លាំង ធ្វើឱ្យគម្រោងលំនៅដ្ឋាន និងបុរី មានការផ្លាស់ប្តូរ
ដោយសារតែមានតម្រូវការ និងស្តង់ដារនៃការរស់នៅកាន់តែមានលក្ខណៈប្រសើរឡើង វិស័យអចលនទ្រព្យ
ផ្នែកលំនៅដ្ឋាន និងបុរីនៅកម្ពុជា កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ លោក
បណ្ឌិត តេង រិទ្ធីដែលជាស្ថាបនិក និងជានាយកក្រុមហ៊ុន R’Investment Group អ្នកជំនាញវិស័យអចលន
ទ្រព្យភាពរីកចម្រើននៃវិស័យលំនៅដ្ឋាន នឹងជំរុញឱ្យមានភាពប្រកួតប្រជែងក្នុងទីផ្សារកាន់តែខ្លាំង និងកាន់តែ
ផ្តល់ការអភិវឌ្ឍបន្ថែមនៅក្នុងវិស័យនេះ
លោកបណ្ឌិត តេង រិទ្ធី បានប្រសាសន៍ប្រាប់ភ្នាក់ងារ AMSថា កម្ពុជាមានអំណោយស្រាប់សម្រាប់ការអភិវិឌ្ឍ
វិស័យលំនៅដ្ឋាន បើទោះជាបច្ចុប្បន្ននេះ វាបានថមថយចុះបន្តិចដោយសារតែវិបត្តិកូវីដ-19ក្ដី ប៉ុន្តែវានៅតែ
អាចរក្សាបាននូវស្ថានភាពល្អប្រសើរដដែល។
លោកបន្តថា «ក្នុងវិស័យអចលនទ្រព្យ ជាពិសេសការអភិវឌ្ឍត្រូវបានគេចែកចេញជាផ្នែកសំណង់ច្រើនប្រភេទ
លើការវិនិយោគ រួមមានប្រភេទសណ្ឋាគារ ខុនដូ ផ្ទះលំនៅដ្ឋាន ជាឯកជនធម្មតាៗ និងបុរី ហើយប្រភេទ
សំណង់ដែលប៉ះពាល់ខ្លាំង គឺផ្នែកសណ្ឋាគារអាចឈានដល់ការបិទខ្លះទៀត។ ដោយឡែកផ្នែកខុនដូមិនប៉ះពាល់ប៉ុន្មានទេ ភាគច្រើនគាត់សង់រួច គាត់បានលក់ចេញខ្លះ ហើយបន្តការសាង
សង់របស់គាត់ទៀត គ្រាន់តែការលក់ដូរ វាយឺតបន្តិច ហើយខុនដូ 50% ឡើងទៅគឺច្រើនផ្តោតលើជនបរទេស ឬក្មេងៗស្រករក្រោយគាត់ចង់រស់នៅស្រុកខ្មែរ និងក្មេងៗក្នុងស្រុកដែលគាត់ចង់រស់នៅបែបទំនើប»។

លោកបណ្ឌិត តេង រិទ្ធី បានមានប្រសាសន៍បញ្ជាក់ថា៖ «ការសង្កេតមើលរបស់ខ្ញុំ សំណង់លំនៅដ្ឋានដាច់
ដោយឡែក និងបុរី មិនជាមានផលប៉ះពាល់ទេ គឺនៅមានគម្រោងបើកជាបន្តច្រើនដែរ នៅតាមជាយក្រុង និងតាមបណ្តាខេត្ត ទោះបីមានការប៉ះពាល់ តែវាមិនមានជារូបភាពអាក្រក់ពេកនោះទេ»។
លោកបណ្ឌិតបានគូសបញ្ជាក់អំពីអ្វីដែលថាគម្រោងលំនៅដ្ឋាន និងបុរី គួរបត់ទៅណា? ឬគួរបន្ថែមអ្វីដើម្បីយក
ឈ្នះលើទីផ្សារជាមួយដៃគូប្រកួតប្រជែង គឺវិនិយោគិនគ្រាន់តែត្រូវស្វែងរកទីតាំងដែលសមស្រប បន្ទាប់មក
អភិវឌ្ឍឱ្យត្រូវនឹងគោលបំណងអតិថិជន ដើម្បីបង្កើតជាតំបន់លំនៅដ្ឋាន ឬបុរីប្រកបដោយនិរន្តរភាពវាគ្រប់
គ្រាន់ហើយ។ ប៉ុន្តែសម្រាប់ទីតាំងក្នុងក្រុងប្រហែលជាចង្អៀត ព្រោះចង់អស់កន្លែងរកស៊ី ដោយសារបុរី គឺត្រូវការ
ផ្ទៃដីទំហំធំចាប់ពី1-2 ហិកតាឡើងទៅ។
លោកបណ្ឌិតបានបញ្ជាក់ឱ្យដឹងថា ពីដើមគេធ្វើផ្ទះល្វែងលក់ តែបច្ចុប្បន្នអតិថិជនមានការកែប្រែផ្លាស់ប្តូរច្រើន ហើយអ្នកចង់ទិញគម្រោងលំនៅដ្ឋានបែបបុរី តែងតែជ្រើសរើសផ្ទះបុរីបែបទំនើប ផ្ទះវីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ មានសួនច្បារ ជាវីឡាដាច់ពីគ្នា ព្រោះតម្លៃវាក៏មិនជាថ្លៃទេ ប្រហែលខ្ទង់ជាង 3-5 ម៉ឺនដុល្លារ សំណង់បែបជាផ្ទះល្វែងមិនជាតម្រូវការទៀតទេ ព្រោះច្រើនជាផ្ទះតាមដងផ្លូវធំៗសម្រាប់ធ្វើអាជីវកម្មលក់ដូរ។
មុនពេលសាងសង់គម្រោងលំនៅដ្ឋាន អ្នកអភិវឌ្ឍន៍ បានកែប្រែជាសំខាន់ទៅលើបរិយាកាស (ខ្យល់អាកាស
បរិសុទ្ធ) សុវត្ថិភាព (គុណភាពអគារ) និងកន្លែងមួយចំនួនដូចជា៖សួនច្បារធំ អាងហែលទឹក និងប្រព័ន្ធភ្លើង
ព្រមទាំងប្រព័ន្ធលូ។ “ការរស់នៅប្រកបដោយនិរន្តរភាព មានន័យថាអ្នកអាចរស់នៅក្នុងផ្ទះនោះអស់រយៈពេល
យូរ និងដោយ មានអារម្មណ៍រីករាយ”៕