ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងនយោបាយឈ្នះឈ្នះ «គោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា»(វគ្គទី៤)
ការធ្វើសមាហរណកម្មកម្លាំងក្រោមបង្គាប់របស់លោក កែវ ពង្ស នៃទិសភ្នំឳរ៉ាល់ នៃខេត្តកំពង់ស្ពឺ បានប្រព្រឹត្តទៅ នៅថ្ងៃទី១១កុម្ភៈឆ្នាំ១៩៩៦ ក្រោមការរៀបចំរបស់លោកនាយឧត្តមសេនីយ៍ប៉ុលសារឿន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចនាយករដ្ឋមន្ត្រី។ យោងតាមសៀវយុទ្ធសាស្ត្រឌីហ្វីដតេជោសែននៃកម្ពុជា លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន នៅថ្ងៃទី៧កុម្ភៈឆ្នាំ១៩៩៦ បានដាក់បញ្ជាឲ្យបណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ដែលប្រតិ បត្តិការនៅទិសឳរ៉ាល់ ត្រូវចាត់ចែងទទួលកម្លាំងផ្តាច់ខ្លួន និងអាវុធគ្រប់ធុននៃកងពលលេខ១៨ របស់ លោក កែវ ពង្ស។ នៅជាមួយគ្នានោះផងទៀត ដំណើរការដោះមីននៅតាមផ្លូវនៃតំបន់ភ្នំឳរ៉ាល់ដើម្បីការភ្ជាប់ទំនាក់ទំនង រវាងអតីតភូមិខ្មែរក្រហមលើកដំបូងភ្ជាប់មកតំបន់គ្រប់គ្រងរដ្ឋាភិបាល បានប្រព្រឹត្តទៅជាមួយនឹងការផ្សព្វផ្សាយ អប់រំដល់ក្រុមទាហានផ្តាច់ខ្លួននិងគ្រួសាររបស់ពួកគេទាំងឡាយនោះ ព្រមទាំងការជួយបង្កលក្ខណៈឲ្យពួកគេ កាន់តែមានអារម្មណ៍ជឿជាក់លើគោលការណ៍៣ចំណុចនៃនយោបាយឈ្នះឈ្នះ ដាក់ចេញដោយប្រមុខដឹកនាំ រាជរដ្ឋាភិបាល។
ក្រោយការរៀបចំនិងការជួយបង្កលក្ខណៈគ្រប់បែបយ៉ាងទាំងអស់នោះហើយ ពិធីប្រកាសជាផ្លូវការនៃការធ្វើ សមាហរណកម្មរបស់កងពលលេខ១៨ដឹកនាំដោយលោកកែវពង្ស ត្រូវបានប្រារព្ធ ឡើងនៅថ្ងៃទី១១កុម្ភៈឆ្នាំ ១៩៩៦ ដែលក្នុងនោះកម្លាំងខ្មែរក្រហមដែលមករួបរួមក្នុងជួររដ្ឋាភិបាលមានចំនួន៣១៥នាក់, អាវុធច្រើនរយដើម និងសម្ភារៈសឹកជាច្រើនទៀត។ ប្រជាជននៃក្រុមគ្រួ សារខ្មែរក្រហមមានចំនួន៤០០គ្រួសារដែលស្មើនឹងចំនួនពល រដ្ឋ១ពាន់៣៥០នាក់ ព្រមជាមួយទាំងរទេះគោ, រទេះក្របីនិង សម្ភារៈមួយចំនួនទៀត។ សម្តេចតេជោហ៊ុនសែនបានថ្លែងបញ្ជាក់ថា ទីបំផុតសន្តិភាពបានចាប់ផ្តើម ចេញពីតំបន់ឳរ៉ាល់ដែលជាកន្លែងផ្ទុះ មុនគេបំផុត។
តំបន់ឳរ៉ាល់ គឺជាអតីតតំបន់សមរភូមិប្រយុទ្ធដ៏ក្តៅគគុករវាងកងយោធពលខេមរភូមិន្ទ និងក្រុមខ្មែរ ក្រហម។ តំបន់ឳរ៉ាល់នេះ ក៏ជាអតីតទីតាំងរឹងមាំមួយរបស់ខ្មែរក្រហម, ជាមូលដ្ឋានតស៊ូរបស់ទ័ពព្រៃ តាំងពីការ ចាប់ផ្តើម តស៊ូ របស់ក្រុមខ្មែរក្រហមនោះមកម្ល៉េះ។ ការចុះចូលរបស់លោក កែវ ពង្ស បានកាត់បន្ថយយ៉ាងច្រើននូវអំពើអុកឡុករបស់កម្លាំងទ័ពព្រៃខ្មែរក្រហមជាច្រើន ដែលមិនត្រឹមតែនៅក្នុងខេត្តកំពង់ស្ពឺប៉ុណ្ណោះទេ គឺមានតាមតំបន់ ខ្លះក្នុងខេត្តពោធិ៍សាត់, ខេត្តព្រះសីហនុនិងខេត្តកោះកុងទៀតផង។ បន្ទាប់ពីគោលការណ៍៣ចំណុចត្រូវបានអនុវត្តដោយជោគជ័យនៅតំបន់ឳរ៉ាល់នោះមក ប្រមុខនៃប្រតិបត្តិករ នយោបាយឈ្នះឈ្នះ បានបញ្ជាក់ថា គេបានរៀបចំទិសដៅទៅកាន់កន្លែងដទៃទៀតរបស់សំបុកខ្មែរក្រហម នាភាគពាយព្យនិងឧត្តរនៃប្រទេសកម្ពុជា។
តាមពិតជ័យជំនះនៃការអនុវត្តនយោបាយឈ្នះឈ្នះជាលើកដំបូងនៅតំបន់ឳរ៉ាល់ បាននាំឲ្យមានជាភាព រំជើបរំជួលដល់បណ្តាជួរមេដឹកនាំខ្មែរក្រហមតាមកន្លែងដទៃទៀត។ នៅខែឧសភា ឆ្នាំ១៩៩៦ មេដឹកនាំខ្មែរក្រហម លោក នួន ជា បានកោះហៅបណ្តាមេៗខ្មែរក្រហមគ្រប់អង្គភាពដែលនៅតំបន់ខាងក្នុងនិងខាងកើតផ្លូវ៥៦ ដើម្បីរៀនសូត្រនិងពង្រឹងជាបន្ទាន់ដោយពួកគេភ័យខ្លាច តំបន់នៃសំបុកខ្មែរក្រហមទីនោះ នឹងអាចត្រូវធ្លាក់ចូលក្រោម ការអូសទាញរបស់ក្រុមអ្នកអនុវត្តនយោបាយឈ្នះឈ្នះ។ ផ្លូវ៥៦ បច្ចុប្បន្នគឺជាផ្លូវលេខ៥៥ ដែលស្ថិតនៅក្នុង ខេត្តពោធិ៍សាត់។
ទោះបីជាមានការពង្រឹងយ៉ាងណាក៏ដោយ ការរៀបចំអូសទាញជាសម្ងាត់នៃក្រុមប្រតិបត្តិករយុទ្ធសាស្ត្រឌីហ្វីដនៃ នយោបាយឈ្នះឈ្នះ បន្តធ្វើឡើងនៅក្នុងក្រុមខ្មែរក្រហមតាមបណ្តោយព្រំដែន ដោយចេញពីក្នុងទឹកដីថៃនោះ វិញ។ កម្លាំងបង្កប់ដែលត្រូវបានលោកកែវពង្សទាក់ទាញបាននាពេលនោះ ឈ្មោះហៅថាលោក ផាន វ៉ាន ។ លោកផាន វ៉ាន់ គឺជាអតីតជំនួយការរបស់ប៉ុលពតក្នុងឆ្នាំ១៩៩៣។ លោក ផាន វ៉ាន ត្រូវប៉ុលពតបានចោទថាជាមនុស្សរបស់លោកខាងលិច ដែលការចោទនោះ បានបង្ខំចិត្តឲ្យលោក ផាន វ៉ាន់ រត់គេចជ្រកលាក់ខ្លួនក្នុងទឹកដីនៃប្រទេសថៃ។ នៅខែមីនា ឆ្នាំ១៩៩៦ លោក ផាន វ៉ាន បានទទួលដំណឹងថាលោក កែវ ពង្ស មិនត្រឹមតែបានធ្វើសមាហរណកម្មជាមួយនឹងរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានការទទួលយកចិត្តទុកដាក់ពីរដ្ឋាភិបាលនិង អតីតពលរដ្ឋក្នុងភូមិក្នុងព្រៃខ្មែរក្រហម ក៏បានទទួលសេចក្តីសុខនិងការជួយយកអាសារនិងការផ្តល់ឧបត្ថម្ភពី រដ្ឋាភិបាលនោះទៀត។ លោកផានវ៉ានជាមួយនឹងការទទួលដំណឹងនោះ បានធ្វើដំណើរមកជួបលោក កែវ ពង្ស នៅភ្នំពេញ និងក្រោយមក ក៏ទទួលបានការអនុញ្ញាតជួបជាមួយនឹងលោក នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលជាប្រមុខនៃប្រតិបត្តិករអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ។
ក្រុមការងារប្រតិបត្តិករ បានប្រគល់ភារកិច្ចឲ្យលោកផានវ៉ាន់ធ្វើសកម្មភាពនៅពីខាង ក្រោយក្រុមខ្មែរក្រហមពី ក្នុងទឹកដីថៃ ចាប់ពីភូមិសាស្ត្រខេត្តកោះកុង រហូតដល់ភ្នំដងរែក។ ភារកិច្ចរបស់លោក ផានវ៉ាន់ នាពេលនោះ គឺ រកច្រកដើម្បីជ្រៀតចូលពីខាងក្រោយ ធ្វើការផ្សព្វផ្សាយគោលនយោបាយបង្រួបបង្រួមជាតិទាំង៣ខនៃនយោបាយឈ្នះឈ្នះ និងការផ្សព្វផ្សាយឲ្យផ្ទៃក្នុងជួរខ្មែរក្រហម បានដឹងអំពីសេរីភាពដែលរដ្ឋាភិបាល បានផ្តល់ឲ្យ លោក កែវ ពង្ស និងអតីតកងពលលេខ១៨ រួមជាមួយនឹងប្រជាជនដែលបានមករួបរួមទាំងអស់នឹងរដ្ឋាភិបាលវិញ។ ដើម្បីបើកច្រកចូលទៅកាន់តំបន់ម៉ាឡៃ ដែលមានអតីតមេបញ្ជាការខ្មែរក្រហមលោក សុខ ភាព គ្រប់គ្រង នៅទីនោះក្រុមការងាររបស់លោកនាយឧត្តមសេនីយ៍ ប៉ុលសារឿន បានដាក់ទិសឲ្យលោក កែវ ពង្ស ធ្វើទំនាក់ទំនង ជាមួយលោក ផាន វ៉ាន់ ក្នុងទិសដៅថ្ពក់ឲ្យជាប់ជាមួយលោក សុខ ភាព ដែលមេបញ្ជាការកង ពលខ្មែរក្រហមលេខ ៤៥០ដែលគ្រប់គ្រងតំបន់ម៉ាឡៃនោះ។
តាមគោលការណ៍ណែនាំរបស់ លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន គឺនៅក្នុងខែកក្កដាឆ្នាំ១៩៩៦ លោក កែវ ពង្ស បានជួបជាមួយលោកសុខភាពនៃបញ្ជាការកងពលខ្មែរក្រហមលេខ៤៥០ ជាលើកទីមួយ ដែលជំនួបនេះ បានធ្វើឡើងតាមរយៈការជួយធ្វើទំនាក់ទំនងរបស់លោក ផាន វ៉ាន។ ជំនួបលើកដំបូងរវាងលោក កែវ ពង្ស និងលោក សុខ ភាព នេះ បានធ្វើលើទឹកដីប្រទេសថៃនៃខេត្តចាន់ថាក់បុរី។ ក្រោយជំនួបនោះមក លោក កែវ ពង្ស បានរាយការណ៍ជុំវិញលទ្ធផលទៅលោកនាយឧត្តមសេនីយ៍ប៉ុលសារឿន។ ក្រោយសេចក្តីរាយការណ៍អំពីលទ្ធផល និងតាមរយៈអនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុនសែនថែមទៀតនោះ លោកឧត្តមសេនីយ៍ប៉ុលសារឿនក៏បានចាកចេញពីរាជធានីភ្នំពេញ ដើម្បីជួបជាមួយលោក សុខ ភាព តាមការគ្រោងទុក។ ជំនួបរវាង លោកនាយឧត្តមសេនីយ ប៉ុលសារឿន ជាមួយនឹងលោក សុខ ភាព បានធ្វើនៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៦ រៀបចំធ្វើក្នុងសណ្ឋាគារ អ៊ីម ផន ក្នុង ស្រុកអារញ្ញប្រាថេតនៃទឹកដីថៃ។ កិច្ចពិភាក្សាបានប្រព្រឹត្តទៅរយៈពេលប្រមាណ៣ម៉ោង។ លោកនាយឧត្តមសេនីយ៍ ប៉ុលសារឿន បានព្យាយាមពន្យល់លោក សុខ ភាព នូវនយោបាយបង្រួបបង្រួមជាតិនិងគោលការណ៍៣ចំណុចនៃ នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោសែន។ លោក សុខ ភាព បានសម្តែងក្តីត្រេកអរនិងបានសំណូមពររកការជួបក្រុមការងាររដ្ឋាភិបាលមួយដងឬពីរដងទៀតរហូតដល់មានការផ្តាច់ខ្លួន។ ក្នុងជំនួបនាពេលនោះផងដែរ លោក សុខ ភាព បានស្នើសុំគ្រាប់កាំភ្លើងមួយចំនួនសម្រាប់ត្រៀមការពារក្រែងលោមានកម្លាំងរឹងរូសរបស់តាម៉ុក ឬនួនជា ប្រឆាំងនឹងក្រុមរបស់លោក សុខ ភាព នោះ។ លោកឧត្តមសេនីយ៍ប៉ុលសារឿន បានយល់ព្រមទទួលនូវសំណើទាំងនោះ ជាមួយនឹងការផ្តល់ថវិកាចំនួន២៥ម៉ឺនបាតដែលពេលនោះស្មើនឹង១ម៉ឺនដុល្លារអាមេរិកដើម្បីការត្រៀមទុកទិញស្បៀងសម្រាប់អ្នកត្រៀមផ្តាច់ខ្លូននោះថែមទៀត។ កិច្ចប្រជុំរវាងលោកនាយត្តមសេនីយ៍ ប៉ុល សារឿន និងលោក សុខ ភាព បានបញ្ចប់នៅម៉ោងជិត២ទាបភ្លឺថ្ងៃទី២ ខែសីហា ឆ្នាំ១៩៩៦។ ពេលនោះលោក សុខ ភាព បានវិល ត្រឡប់មកតំបន់ម៉ាឡៃវិញ ចំណែកក្រុមប្រតិបត្តិការយុទ្ធសាស្ត្រឌីហ្វីដនៃនយោបាយឈ្នះឈ្នះ បានប្រញាប់ ចាកចេញពីសណ្ឋាគារអ៊ីមផននោះផងដែរនៅប្រមាណម៉ោង៤កន្លះទាបភ្លឺ។ លទ្ធផលនៃជំនួប ត្រូវបានរាយការណ៍ដោយផ្ទាល់តាមសំណេអក្សរដៃនាថ្ងៃទី២សីហានោះ ទៅសម្តេចតេជោហ៊ុនសែន។ សម្តេចតេជោហ៊ុន សែននៅថ្ងៃទី៣សីហាឆ្នាំ១៩៩៦ ក្នុងពិធីសម្ពោធមួយដាក់ឲ្យប្រើប្រាស់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជ ធានី បានប្រកាសថា បងប្អូនខ្មែរក្រហមកងពល៤៥០ ដែលដឹកនាំដោយ លោក សុខ ភាព នៃតំបន់ម៉ាឡៃ និងកងពល៤១៥ដឹកនាំដោយ លោក អ៊ី ឈាន នៃតំបន់ប៉ៃលិន រួមជាមួយនឹង លោក អៀង សារី បានសម្រេចចិត្តផ្តាច់ខ្លួនចេញពីក្រុមខ្មែរក្រហមក្បាលរឹងប៉ុលពតមករួមរស់ជាមួយនឹងរាជរដ្ឋាភិបាល។ ក្នុងការប្រកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅដល់លោក អៀង សារី និងចលនាផ្តាច់ខ្លួនរបស់លោក។
ការប្រកាសនាពេលនោះរបស់ប្រមុខដឹកនាំយុទ្ធសាស្ត្រឌីហ្វីដ ត្រូវគេនិយាយថា គឺជានយោបាយជំរុញ ផ្លូវចេញ តែមួយដើម្បីឲ្យក្រុមខ្មែរក្រហមចង់ផ្តាច់ខ្លួន មិនអាចងាករើចេញវិញបានពីនយោបាយបង្រួបបង្រូមជាតិឡើយ។ ការប្រកាសរបស់ សម្តេចតេជោ ហ៊ុនសែន នាពេលនោះ បានធ្វើឲ្យមេដឹកនាំធំៗរបស់ខ្មែរក្រហមនៅអន្លង់វែងមានការខឹងសម្បារជាខ្លាំងដល់លោក អៀង សារី និងមេបញ្ជាការខ្មែរក្រហមដទៃទៀតដែលស្ថិតនៅភាគពាយព្យប្រ ទេស។ វិទ្យុនៃការផ្សាយរបស់ក្រុមខ្មែរក្រហមនៅអន្លងវែងថ្ងៃទី៨ សីហា បានផ្សាយចោទថាលោក អៀង សារី និងអ្នកក្រោមបង្គាប់ បានក្បត់នឹងពួកគេ ហើយបានមកចុះចូលជាមួយនឹងរដ្ឋាភិបាលកម្ពុជា។ ក្រោយមកនៅ ថ្ងៃទី១៥សីហាឆ្នាំ១៩៩៦ លោកអៀងសារី បានចេញសេចក្តីប្រកាសជាផ្លូវការបញ្ជាក់ការផ្តាច់ខ្លួនចេញពីក្រុម ដឹកនាំរបស់ប៉ុលពត។ (នៅមានត)