ឆ្នាំ2020 កម្ពុជាមានវឌ្ឍភាពលើ ផលិតកម្មដំណាំកសិ-ឧស្សាហ កម្មសំខាន់ៗចំនួន06មុខ
ផលិតកម្មដំណាំកសិ-ឧស្សាហកម្មសំខាន់ៗរបស់កម្ពុជាត្រូវបានបង្ហាញតាមរយៈស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកសិផលទាំងនោះ មានវឌ្ឍនភាពយ៉ាងខ្លាំងនៅក្នុងឆ្នាំ2020នេះ។ កសិផលទាំង6មុខនោះរួមមាន ដំណាំដំឡូងមី ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំចេកអំបូងលឿង ដំណាំមៀនប៉ៃលិន (តាង៉ែន) និងដំណាំម្រេច។នេះបើផ្អែកលើរបាយការណ៍ក្រសួងកសិកម្ម។
1-ដំណាំដំឡូងមី មានផ្ទៃដីដាំដុះ ចំនួន 656,868 ហិកតា ក្នុងផ្ទៃដីប្រមូលផលប្រមាណ 582,055 ហិកតា ដែលទទួលបានទិន្នផលជាមធ្យម ចំនួន19.22តោន/ហិកតា ( បរិមាណផលប្រមាណជា 11,185.069តោន) ។ គិតត្រឹមថ្ងៃទី15 ខែធ្នូ ឆ្នាំ2020 បរិមាណនាំចេញមានចំនួន 7,075,494តោន ដែលមានតម្លៃប៉ាន់ស្មានសរុបចំនួនប្រមាណជា 1,026,232,000ដុល្លារ (តម្លៃបានពីការគណនា តម្លៃនាំចេញផ្លូវការ ក្រៅផ្លូវការ និងផលិតផលប្រើប្រាស់ក្នុងស្រុក)។
សម្រាប់កសិផលដំឡុងមីនេះមានរោងចក្រកែច្នៃមានចំនួន 9 និងក្រុមហ៊ុននាំចេញចំនួន38 ក្នុងនោះការប៉ាន់ស្មានផ្ទៃដីផលិតកម្មសម្រាប់ឆ្នាំ2021 មានចំនួនប្រមាណ 660,338 ហិកតា (កើនប្រមាណជា 5%)។
2-ដំណាំស្វាយចន្ទីមានផ្ទៃដីដាំដុះចំនួន 236,471ហិកតា ដែលបានប្រមូលផល លើផ្ទៃដីចំនួន 165,670ហិកតា ក្នុងនោះទិន្នផលជាមធ្យម ចំនួន 1,462តោន/ហិកតា ក្នុងបរិមាណផល 242,177តោន។ ដំណាំស្វាយចន្ទីមានបរិមាណនាំចេញមានចំនួន 218,884.29តោន(តម្លៃប៉ាន់ស្មាន ប្រមាណជា 288,111,700ដុល្លារ)ដោយមានសិប្បកម្មកែច្នៃមានចំនួន6 និងក្រុមហ៊ុននាំចេញមានចំនួន26។ នៅឆ្នាំ2021 ការប៉ាន់ស្មានផ្ទៃផលិតកម្ម អាចមានចំនួនប្រមាណជា 248 295ហិកតា (កើនប្រមាណជា 5%។
3-ដំណាំស្វាយមានផ្ទៃដីប្រមូលផលចំនួន 91,104ហិកតាលើផ្ទៃដីដាំដុះចំនួន 126,668 ហិកតាក្នុងនោះទិន្នផលជាមធ្យមចំនួន 15,377តោន/ហិកតា/រដូវ ដែលមានបរិមាណផលប្រមាណជា 1400,914តោន ក្នុងមួយរដូវ។ ការនាំចេញស្វាយស្រស់ (គិតត្រឹមថ្ងៃទី15 ខែធ្នូ ឆ្នាំ2020) មានចំនួន 945,274.44តោនដោយមានក្រុមហ៊ុននាំចេញមានចំនួន 47ក្រុមហ៊ុន និងអ្នកដាក់ពាក្យស្នើសុំចុះបញ្ជីសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ មានចំនួន 48 (ក្រុមហ៊ុន 33សហគមន៍3 និងម្ចាស់ចម្ការ 12)។ការប៉ាន់ ស្មានផ្ទៃដីផលិតកម្មឆ្នាំ2021 អាចមានចំនួនប្រមាណជា135 500ហិកតា (កើនប្រមាណជា 7%)។តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា 473, 207,700ដុល្លារ។
4-ដំណាំចេកអំបូងលឿង (ឆ្នាំ2020)មានផ្ទៃដីប្រមូលផលចំនួន 15,945ហិកតាក្នុងទិន្នផលជាមធ្យម ចំនួន30តោន/ហិកតាដែលបរិមាណផលប្រមាណជា478,350តោន។បរិមាណនាំចេញគិតត្រឹមថ្ងៃទី15 ខែធ្នូ ឆ្នាំ2020មានចំនួន313, 410.94តោន តម្លៃប៉ាន់ស្មានសរុបមានចំនួន 451,125,700 ដុល្លារ ក្រុមហ៊ុនដែលបានចុះបញ្ជីសម្រាប់នាំចេញមានចំនួន15 ក្នុងនោះ ក្រុមហ៊ុនចំនួន11 បាននឹងកំពុងប្រតិបត្កិការនាំចេញ។ ការប៉ាន់ស្មានផ្ទៃផលិតកម្មចំនួន 18,337ហិកតា (កើនប្រមាណ 15%ក្នុងឆ្នាំ2021)។
5-ដំណាំមៀនប៉ៃលិន (តាង៉ែន)មានផ្ទៃដីដាំដុះចំនួន 14,407ហិកតាលើផ្ទៃដីប្រមូលផលចំនួន11,514 ហិកតា ក្នុងបរិមាណផល159,833តោន(បរិមាណនាំចេញ គិតត្រឹមថ្ងៃ15 ខែធ្នូ ឆ្នាំ2020 មានចំនួន 174.52តោន)តម្លៃប៉ាន់ស្មានសរុបមានប្រមាណជា57,763,100ដុល្លារ ។ ក្រុមហ៊ុននាំចេញមានចំនួន2និងសហគមន៍កសិកម្មផលិតមៀនប៉ៃលិន មានចំនួន 15។ ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ2021 មាន ប្រមាណជា 15,127ហិកតា (កើនប្រមាណជា 5%)។
6-ដំណាំម្រេចមានផ្ទៃដីដាំដុះចំនួន 6,822 ហិកតា លើផ្ទៃដីប្រមូលផលចំនួន 6,004 ហិកតាទិន្នផលជា មធ្យមចំនួន 3,136តោន/ហិកតា ក្នុងបរិមាណផលចំនួន 18,829តោន។ បរិមាណនាំចេញគិតត្រឹម ថ្ងៃ ទី15 ខែធ្នូ ឆ្នាំ2020 មានចំនួន 5,005.65តោន-តម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា 25, 490, 200ដុល្លារ។ក្រុមហ៊ុននាំចេញមានចំនួន 30ក្រុមហ៊ុ។ ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ2021 មានប្រមាណជា 7,163ហិកតា (កើនប្រមាណជា 5%)។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMSថា៖ «ជាការពិតវឌ្ឍភាពនៃដំាណាំកសិ-ឧស្សហកម្មមិនមែនតែ 06 មុខនេះទេនៅមានកៅស៊ូ និងអង្ករ ថែមទៀតក៏មានកំណើនដែរ ព្រោះថាផ្ទៃដីកសិកម្មបានត្រូវពង្រីកដីពីមុនដែលទុកចោលត្រូវបានក្លាយជាដីផលិតកម្ម ហើយរាជរដ្ឋាភិបាលបានធ្វើផ្លូវថ្នល់ដែលអាចឱ្យប្រជាពលរដ្ឋដឹកដំណាំកសិផលរបស់គាត់បានទៀត ដូច្នេះកំណើននៃផលិតកម្មពិតជាកើនឡើង។
លោកឧកញ៉ាបានមានប្រសាសន៍ថា ចំពោះការចុះបញ្ជីផលិតផលកសិកម្ម ឱ្យបានតាមមាត់ច្រក ប្រហែលជាក្រសួងពាណិជ្ជកម្មអាចពិបាកក្នុងរឿងតួលេខ ព្រោះតាំងពីរាជរដ្ឋាភិបាលបានដកកាំកុងត្រូលមកក្រសួងអាចទទួលព័ត៌មានបានតាមរយៈមន្ទីរកសិកម្ម ដែលបានចុះបញ្ជីតាមអនឡាញ និងតួលេខពីខាងគយ និងរដ្ឋាករខ្លះ ប៉ុន្តែការនាំចេញក្រៅផ្លូវការ នោះអាចមានច្រើនជាងតួលេខក្រសួងផង ព្រោះការនាំចេញតាមច្រករបៀងទៅវៀតណាម និងថៃ មានច្រើនណាស់ដែលយើងមិនមានតួលេខពិតប្រាកដ។
លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា «តាមរយៈកំណើននេះខ្ញុំសូមសំដែងការគាំទ្រ ព្រោះជារឿងល្អ និងសូមប្រមុខរាជរដ្ឋាភិបាលជួយគាំទ្រ គាំពារ វិស័យកសិកម្ម ឱ្យកំណើននេះមានស្ថិរភាព ក្នុងការលើកទឹកចិត្តឱ្យអ្នកផលិតដោយការពារមិនឱ្យមានការនាំចូលធ្វើឱ្យមានការធ្លាក់ថ្លៃផលិតផលកសិកម្មយើង។ រដ្ឋាភិបាលបានជួយហើយក្នុងពេលកូវីដនេះដូចជាការបញ្ចុះថ្លៃភ្លើង25%កន្លងមក»។
លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា៖«ប៉ុន្តែការគាំពារផ្នែកហិរញ្ញវត្ថុ ទោះបីមានការជួយផ្តល់កម្ចីពីធនាគារអភិវឌ្ឍជនបទ និងកសិកម្មខ្លះក៏ដោយ ក៏ទំហំនេះនៅមិនទាន់បានគ្រប់គ្រាន់ទេ តម្រូវការនៅមានច្រើន ដែលរដ្ឋាភិបាលអាចបន្ថែម ដើម្បីអាចឱ្យប្រជាកសិករយកទៅប្រើប្រាស់ក្នុងគោលបំណង រក្សាលំនឹងការផលិតនៃផលិតផលកសិកម្ម ដែលអាផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចឈានដល់ការនាំចេញទៅក្រៅស្រុកផងដែរ»៕