អាជីវកម្ម Startup របស់ឥណ្ឌាទទួលបានប្រាក់វិនិយោគសរុប 9,3 ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ
បរទេស៖ បញ្ហារាតត្បាតនៃវិរុសកូវីដ19 ពិតជាបានធ្វើឲ្យវិស័យជាច្រើននៅក្នុងប្រទេសឥណ្ឌាមានការថយចុះពិតមែនហើយសូម្បីតែប្រភេទអាជីវកម្ម Startup ថ្មីថ្មោងផងដែរសម្រាប់ឆ្នាំ2020 នេះ។
យោងតាមតួលេខដែលត្រូវបានបង្ហាញដោយក្រុមហ៊ុនផ្នែកប្រឹក្សាមួយដែលមានឈ្មោះថា Tracxn បានបញ្ជាក់ថាប្រៀបធៀបទៅនឹងវិនិយោគដែលឥណ្ឌាទទួលបានសម្រាប់អាជីវកម្ម Startup កាលពីឆ្នាំ2019កន្លងទៅគឺមានរហូតទៅដល់ 14,5 ពាន់លានដុល្លារខណៈដែលឆ្នាំ2020នេះវិញបានធ្លាក់ចុះមកត្រឹមតែ 9,3 ពាន់លានដុល្លារប៉ុណ្ណោះ ហើយក៏ជាលើកទី 1 ផងដែរដែលឥណ្ឌាប្រមូលបានប្រាក់វិនិយោគតិចជាង10 ពាន់លានដុល្លារក្នុង1ឆ្នាំ។
កិច្ចព្រមព្រៀងវិនិយោគក៏មានចំនួនធ្លាក់ចុះពី 1,185 កាលពីឆ្នាំទៅមកនៅត្រឹមតែ 1,088 សម្រាប់ឆ្នាំ 2020 នេះដោយកិច្ចព្រមព្រៀងខ្លះអាចមានតម្លៃទៅដល់អតិបរិមា 100 លានដុល្លារ។ ប៉ុន្តែទោះបីជាមានការធ្លាក់ចុះបែបនេះក្តី គេអាចមើលឃើញថានៅក្នុងពាក់កណ្តាលឆ្នាំនេះសន្ទុះនៃអាជីវកម្ម Startup គឺមានការកើនឡើងវិញបន្តិច។
កូវីដ19 បានធ្វើឲ្យអាជីវកម្ម Startup ជាច្រើនមានការធ្លាក់ចុះ ប៉ុន្តែក៏មានអាជីវកម្ម Startup ខ្លះកំពុងទទួលបានផលប្រយោជន៍ជាច្រើនក្នុងស្ថានភាពនេះ ជាក់ស្តែងដូចជា Byju ដែលបច្ចុប្បន្នមានតម្លៃទីផ្សាររហូតទៅដល់ 11 ពាន់លានដុល្លារ ដែលប្រែប្រួលពី 8 ពាន់លានដុល្លារកាលពីខែមករាដើមឆ្នាំ។
អាជីវកម្ម Startup មួយទៀតដែលមានឈ្មោះថា Unacadmy បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនដែលមានតម្លៃលើទីផ្សារដល់ទៅ 2 ពាន់លានដុល្លារខណៈដែលកាលពីខែកុម្ភៈដើមឆ្នាំនេះខ្លួនមានទំហំត្រឹមតែ 500 លានដុល្លារតែប៉ុណ្ណោះ៕