សំណល់ពោះវៀនរថយន្ត ការុងស៊ីម៉ងត៍ចាស់ៗ បង្រៀនខ្ញុំឱ្យចេះបង្កើតអាជីវកម្ម និងផ្តល់ក្តីស្រឡាញ់ដល់ជនមានពិការភាព

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ក្របសៀវភៅ កាបូបដៃ កាបូបស្ពាយខ្នង និងសម្ភារៈដាក់របស់របរប្រើប្រាស់ផ្សេងទៀត បង្កើត និង
កែច្នៃពីសំណល់ពោះវៀនរថយន្ត ការុងស៊ីម៉ងត៍ ស្បែកកែបម៉ូតូចាស់ៗ និងសន្លឹកកាសែតជាដើម មាននៅ
សិប្បកម្មមួយកន្លែងឈ្មោះថា សិប្បកម្មឈ្លាសវៃ ឬ Smart Craft ។ សិប្បកម្មឈ្លាសវៃ បង្កើតឡើងក្នុងបំណង
កែច្នៃរបស់ប្រើប្រាស់ឡើងវិញ ដើម្បីចូលរួមចំណែកជួយលើកកម្ពស់សម្រស់បរិស្ថានកម្ពុជា ព្រមទាំងផ្ដល់ក្តី
ស្រឡាញ់តាមរយៈឱកាសការងារដល់ជនមានពិការភាព។

លោក ឡាវ ចំរើន ស្ថាបនាសិប្បកម្មឈ្លាសវៃ បានប្រាប់ដល់ AMS ថា គំនិតបង្កើត និងកែច្នៃរបស់ប្រើប្រាស់
ពីសម្រាម ឬរបស់ដែលគេបោះបង់ចោលឡើងវិញ បានផ្តល់ចំណូលគួរសម ព្រមទាំងបង្កើតឱកាសការងារ
សម្រាប់ជនមានពិការភាព។

លោក ឡាវ ចំរើន មានប្រសាសន៍ថា ៖ “តាមរយៈមុខរបរនេះ ពួកខ្ញុំបានចំណូលគួរសម ហើយសមាជិកក្រុម
ការងារខ្ញុំស្ទើរទាំងអស់នៅទីនេះជាជនពិការ និងជីវភាពក្រីក្រ មានពិការភាពមែន តែយើងអាចធ្វើការបានមិន
ពិបាកទេ”។

លោក ឡាវ ចំរើន ស្ថាបនិកសិប្បកម្មឈ្លាសវៃ (កាន់កាបូប) និងលោក ព្រុំ រ៉ាយ ជាងកាត់ដេរនិងរចនាម៉ូតកាបូប។

បច្ចុប្បន្នសិប្បកម្មឈ្លាសវៃមានបុគ្គលិកកំពុងបំពេញការងារជាង 10នាក់ ក្នុងនោះមានជនមានពិការភាពចំនួន 05នាក់ជាអ្នកដេរនិងរចនាម៉ូតកាបូប។ តាមរយៈមុខរបស់នេះ បុគ្គលិកម្នាក់ៗ ទទួលបានចំណូលជាមធ្យមរវាង 300 ទៅ 400 ក្នុងមួយខែ។ ដោយឡែកនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺ Covid-19 សង្វាក់
សិប្បកម្មមួយនេះក៏ប៉ះពាល់ខ្លះដែរ ត្បិតមិនមានភ្ញៀវទេសចរកម្ម៉ង់ទិញដូចពេលមុន។ នេះជាការបញ្ជាក់របស់
លោក ឡាវ ចំរើន។

លោក ព្រុំ រ៉ាយ កំពុងរចនាម៉ូតខ្សែកាបូប។

លោក ព្រុំ រ៉ាយ ជាជាងដេរនិងរចនាម៉ូតកាបូបនៅក្នុងសិប្បកម្មឈ្លាសវៃ ដែលលោកមានពិការភាពជើងផងនោះ ក៏បានលើកឡើងដែរថា៖ “ពេលខ្ញុំចាប់ផ្ដើមមុខរបស់នេះខ្ញុំអាចរកប្រាក់ជួយគ្រួសារបានច្រើនគួរសម វាហត់
បន្តិច ប៉ុន្តែសប្បាយចិត្ត ! សម្រាប់មានការងារធ្វើ ហើយទទួលបានចំណូលខ្លះសម្រាប់គ្រួសារ”។

សិប្បកម្មកែច្នៃសំណល់សម្រាមឱ្យក្លាយជាវត្ថុមានតម្លៃនេះ ផលិតរបស់ប្រើប្រាស់សម្រាប់ចែកចាយលក់បន្តទៅ
បណ្តារហាងលក់ទំនើបៗមួយចំនួន និងសម្រាប់នាំចេញទៅក្រៅប្រទេស។ នៅដំណាក់កាលនៃការរីករាលដាល
ជំងឺ Covid-19 សិប្បកម្មឈ្លាសវៃ បានប្រើប្រាស់ក្រណាត់ក្រមាច្នៃជាម៉ាស់ក្រមាស្រស់ស្អាតជាច្រើនផងដែរ។

និយាយដោយជឿជាក់លើកិច្ចការលាយនឹងស្នាមញញឹមផងនោះ លោក ឡាវ ចំរើន ម្ចាស់សិប្បកម្មឈ្លាសវៃ បានបង្ហើយថា ៖ “ការងារដែលខ្ញុំធ្វើហ្នឹង អាចថាជាចំណែកចូលរួមលើកកម្ពស់សម្រស់បរិស្ថាន ហើយបានអប់រំ
ឥរិយាបថទុកដាក់សម្រាម និងកែច្នៃប្រើប្រាស់ឡើងវិញ ទោះដោយផ្ទាល់ឬប្រយោលដល់អ្នកប្រើប្រាស់… ប្រជាជនយើងគាត់មើលឃើញតម្លៃ នោះគាត់ស្រឡាញ់បរិស្ថានហើយ”។ 

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner