ប្រមុខការពារជាតិអាម៉េរិកបដិសេដនឹងគំនិតរបស់លោក ដូណាល់ ត្រាំ ចំពោះការប្រើកម្លាំងយោធាបង្ក្រាបក្រុមបាតុករទាមទារយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក Mark Esper ថ្លែងថា លោកមិនគាំទ្រការប្រើប្រាស់យោធា ដើម្បីបង្ក្រាបការតវ៉ានៅទូទាំងប្រទេស ដូចដែលបានស្នើឡើងដោយលោក ដូណាល់ ត្រាំ នាពេលថ្មីៗឡើយ នេះបើតាមសារព័ត៌មាន CGTN នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។
ថ្លែងក្នុងសន្និសីទព័ត៌មានមួយនៅក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃពុធនេះ លោក Mark Esper បានបញ្ជាក់ថា ជម្រើសក្នុងការប្រើកងកម្លាំងដែលកំពុងបំពេញភារកិច្ចក្នុងការអនុវត្តច្បាប់ គួរតែត្រូវបានប្រើជាជម្រើសចុងក្រោយបំផុត ហើយប្រើតែនៅក្នុងស្ថានការណ៍បន្ទាន់ និងធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ លោកថា ឥឡូវនេះ យើងមិនស្ថិតនៅក្នុងស្ថានការណ៍ណាមួយ ក្នុងចំណោមស្ថានការណ៍ខាងលើនេះទេ ។
ទន្ទឹមគ្នា ប្រមុខការពារជាតិអាម៉េរិករូបនេះ ក៏បានថ្លែងថ្កោលទោសចំពោះទង្វើរបស់ប៉ូលិសនៅក្នុងទីក្រុងមីននាផូលីស ចំពោះការស្លាប់របស់លោក ចច ហ្វ្លយដ៍ ហើយលោកសង្ឃឹមថា ក្នុងពេលអនាគតនឹងមានបាតុកម្មអហិង្សា ដែលជាការគោរពដល់លោក ហ្វ្លយដ៍ ដែលជំរុញឲ្យមានការទទួលខុសត្រូវចំពោះការស្លាប់របស់លោក និងជំរុញឲ្យប្រទេសជាតិទាំងមូលគិតឡើងវិញអំពីការរើសអើងជាតិសាសន៍នៅសហរដ្ឋអាម៉េរិក ៕




