ឆ្នាំថ្មី 2021 ជាពេលវេលាចាប់ផ្តើមរៀបចំផែនការសកម្មភាពសិក្សាល្អបំផុតសម្រាប់សិស្ស-និស្សិត
ភ្នំពេញ៖ ដើមខែមករានៃឆ្នាំថ្មីជាពេលវេលាសាកសមបំផុតដែលសិស្សានុសិស្សទាំងអស់ គួររៀបចំផែនការ
ថ្មីដើម្បីអភិវឌ្ឍចំណេះនិងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។ ចំណាយពេលរៀបចំផែនការសម្រាប់
ខ្លួនឯងក្នុងឆ្នាំថ្មី នឹងជួយឱ្យសិស្ស-និស្សិត ត្រៀមខ្លួនរួចជាស្រេច ដើរលើវិថីមួយដែលមានគោលដៅ និងមាន
គម្រោងច្បាស់លាស់សម្រាប់ជីវិត។ ស្របគ្នានេះ យុវជន ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ បានចែក
រំលែកបទពិសោធរៀបចំផែនការក្នុងវ័យសិក្សារបស់ពួកគេថា “មានផែនការសិក្សាមួយច្បាស់ អាចជួយជំរុញ
ទឹកចិត្តសិក្សាឱ្យចំគោលដៅដែលខ្លួនចង់បាន”។
យុវជន ដាង ដាំរ៉ុង ជានិស្សិតឆ្នាំទីបួន នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានចែករំលែកថា ផែនការរបស់ខ្លួននៅ
ក្នុងឆ្នាំថ្មីដែលចង់សម្រេចឲ្យបាន គឺមានច្រើនដូចជា ផែនការសិក្សា ការងារ កិច្ចការផ្ទាល់ខ្លួន និងផែនការ
ហិរញ្ញវត្ថុ។ លើសពីនេះ ដាំរ៉ុង ប្ដេជ្ញាចិត្តថា ឆ្នាំថ្មីនឹងខិតខំប្រឹងប្រែងសិក្សានៅសាកលវិទ្យាល័យ រួមទាំងពង្រឹង
សមត្ថភាពភាសាបរទេសរបស់ខ្លួនបន្ថែមទៀត។

ទន្ទឹមនឹងផែនការដែលបានរៀបចំខាងលើ នៅឆ្នាំថ្មីនេះ ដាំរ៉ុង គ្រោងចំណាយពេលចុងសប្ដាហ៍ ដើម្បីធ្វើការ និង
រៀនសូត្រពីការងារបន្ថែម ត្រៀមខ្លួនបន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។ ក្នុងនោះបង្កើតទម្លាប់អាន
សៀវភៅនៅពេលទំនេរ និងថែទាំសុខភាពឱ្យបានល្អ ក៏ស្ថិតនៅក្នុងផែនការសកម្មភាពត្រូវអនុវត្តក្នុងឆ្នាំ 2021 នេះដែរ។
ដាង ដាំរ៉ុង ៖ “ខ្ញុំនឹងបង្កើតទម្លាប់អានសៀវភៅ ធ្វើលំហាត់ប្រាណ ដើម្បីបង្កើតទំនុកចិត្តលើខ្លួនជាងមុន ផ្ដល់
ពេលសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិឱ្យបានច្រើនជាងមុន… ធ្វើឱ្យមានតុល្យភាពជីវិត ការងារ និងការសិក្សា”។
“យើងរស់នៅរៀបចំផែនការសកម្មភាពបានល្អ ប្រសើរជាងគ្មានផែនការ ផ្ទុយទៅវិញបើគ្មានផែនការច្បាស់
លាស់អាចឱ្យសិស្ស-និស្សិតបាត់បង់ទំនុកចិត្ត មិនច្បាស់ថាខ្លួននឹងត្រូវធ្វើអ្វី ដើម្បីអ្វីឱ្យប្រាកដឡើយ”។ នេះជាការយល់ឃើញរបស់យុវតី ជីន ដាលីន និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
យុវតី ជីន ដាលីន និស្សិតទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលភូមិន្ទ
នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងថា កញ្ញាកំពុងរៀបចំកាលវិភាគសិក្សាបន្ថែម និងត្រៀមខ្លួន
ប្រឡងយកអាហារូបករណ៍ថ្នាក់អនុបណ្ឌិតទៅសិក្សានៅក្រៅប្រទេស។ ដាលីន បានបង្ហើបបទពិសោធន៍របស់
ខ្លួនបន្តថា ផែនការសកម្មភាពឆ្នាំថ្មី ត្រូវបែងចែកជាចំណែកតូចៗ រួមមានផែនការសិក្សា ការងារ ការអភិវឌ្ឍខ្លួន និងសកម្មភាពចូលរួមចំណែកការងារសង្គម។

ទោះបីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រទៅហើយក្តី ប៉ុន្តែ ដាលីន នៅតែរៀបចំកាលវិភាគសិក្សាបន្ថែម និងត្រៀម
ខ្លួនប្រឡងយកអារហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសសម្រាប់ថ្នាក់អនុបណ្ឌិត។
មនុស្សម្នាក់ៗមានផែនការសកម្មភាពក្នុងដំណើរជីវិតខុសៗគ្នា អាស្រ័យតាមតម្រូវការ និងបំណងប្រាថ្នារបស់
ខ្លួន។ យុវជន ជឹម ហេងឡុង ជានិស្សិតឆ្នាំទីពីរនៃវិទ្យាស្ថានភាសាបរទេស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា ៖ “សម្រាប់ឆ្នាំ 2021 ខ្ញុំនឹងព្យាយាមសម្រេចផែនការឆ្នាំចាស់របស់ខ្ញុំ ហើយផែនការថ្មីនោះ គឺ
ខ្ញុំនឹងព្យាយាមអភិវឌ្ឍសមត្ថភាពខ្ញុំទៅលើផ្នែករចនា (Design) ឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត ព្រោះខ្ញុំ
ចាប់អារម្មណ៍ផ្នែកនេះជាខ្លាំង ចង់ឱ្យខ្លួនឯងស្ទាត់ជំនាញនៅក្នុងផ្នែកនេះ។ បន្ថែមពីនេះទៀត គឺថែរក្សាសុខ
ភាពឱ្យបានល្អ”។
ជាមិត្តរួមថ្នាក់របស់ ហេងឡុង កំពុងសិក្សាពីរសាកលវិទ្យាល័យក្នុងពេលតែមួយយុវជន លី ប៉ោឡេង បានប្តេជ្ញា
ថា ៖ “សម្រាប់ឆ្នាំថ្មីនេះ ខ្ញុំនឹងស្វែងរកការងារមួយដែលអាចផ្ដល់ឱកាសឱ្យខ្ញុំអាចរកលុយផ្គត់ផ្គង់ខ្លួនឯងបាន ហើយគិតផ្នែកសុខភាពជាកត្តាចម្បង ព្យាយាមធ្វើលំហាត់ប្រាណ លេងកីឡា ញ៉ាំទឹកឱ្យបានច្រើន…”។
ជាការកត់សម្គាល់ ផែនការសកម្មភាពដែលរៀបចំទុកមុន មានឥទ្ធិពលយ៉ាងខ្លាំងដល់ការសិក្សានិងការងារ។ ឆ្នាំចាស់បានផ្ដល់អនុស្សាវរីយ៍ និងបទពិសោធជាច្រើន សុទ្ធសឹងតែជាមេរៀនសម្រាប់គ្រប់គ្នា។ ផែនការ
សកម្មភាពចាស់អាចនឹងអស់សុពលភាព ប៉ុន្ដែមិនថ្វីទេ ទំព័រផែនការសកម្មភាពឆ្នាំថ្មី សិស្សានុសិស្សទាំងអស់
នៅតែអាចបង្កើតអ្វីដែលថ្មី និងមានប្រសិទ្ធិភាពជាងមុនសម្រាប់ការសិក្សា ការងារ និងជីវភាពរស់ប្រចាំថ្ងៃ៕