ក្រសួងធនធានទឹកអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុចុះត្រជាក់ និងខ្យល់ខ្លាំង
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៥មករាឆ្នាំ២០២១ បានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើងបាន និងកំពុងបន្តធ្លាក់ចុះក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានកាន់តែបង្កើនឥទ្ធិពលខ្លាំង។
លក្ខណៈបែបនោះ នឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្ពុជា នាដើមឆ្នាំ២០២១ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៦មករាឆ្នាំ២០២០ ចុះត្រជាក់ខ្លាំង។ នៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសាន សីតុណ្ហភាពអប្បរមាក្នុងរង្វង់ពី១៤ទៅ១៧អង្សាសេ។ ពិសេសពីថ្ងៃ១១ដល់១៣មករា នៅបណ្ដាខេត្តមួយចំនួនដូចជា រតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ និងពោធិ៍សាត់ គឺស្រុកវាលវែង សីតុណ្ហភាពអប្បរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១២ទៅ១៥អង្សាសេ លាយឡំជាមួយខ្យល់ខ្លាំង។ នៅតំបន់វាលទំនាប សីតុណ្ហភាពអប្បរមាក្នុងរង្វង់ពី១៦ទៅ១៩អង្សាសេ។
ពិសេសពីថ្ងៃ១១ដល់១៣មករា នៅបណ្ដាខេត្តមួយចំនួនដូចជាកំពង់ធំ សៀមរាប ប៉ៃលិន បាត់ដំបង និងពោធិ៍សាត់ សីតុណ្ហភាពអប្បរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៥ទៅ១៨អង្សាសេ លាយឡំជាមួយនឹងខ្យល់មធ្យម។ ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បរមាក្នុងរង្វង់ពី១៨ទៅ២១អង្សាសេ។ នៅថ្ងៃ១២មករា នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ។ ក្រសួងធនធានទឹកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនោះ។ ដោយឡែក ប្រជានេសាទ និងអ្នកដំណើរសមុទ្រ ត្រូវប្រុងប្រយត្ន័ចំពោះខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕កឹម ទៀង