ថ្នាក់ដឹកនាំកីឡារាំកម្ពុជា បង្ហាញស្មាតីចូលរួមលើកស្ទួយកីឡារាំឲ្យមានសក្តានុពលដល់ឆាកអន្តរជាតិ
ថ្នាក់ដឹកនាំកីឡារាំកម្ពុជាទាំងសមាជិកប្រតិបត្តិចាស់ និងសមាជិកប្រតិបត្តិចំណូលថ្មីបានបង្ហាញឆន្ទៈ និងស្មារតីចូលរួមពួតដៃគ្នា ជម្រុញលើកស្ទួយ ជួយឲ្យកីឡារាំកម្ពុជាមានសក្តានុពលល្បីនៅលើឆាកអន្តរជាតិ ។
ការបង្ហាញនូវស្មារតីគាំទ្ររួមគ្នានេះ ធ្វើឡើងក្នុងពិធីបិទការប្រកួត កីឡារាំជ្រើសរើសជើងឯកឆ្នាំ២០២០ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ នៅក្នុងវិមានកីឡា នាពហុកីឡដ្ឋានជាតិអូឡាំពិក។

អ្នកអង្គម្ចាស់ ជេន ណា អគ្គរាជទូតសុឆន្ទៈសហព័ន្ធកីឡារាំងកម្ពុជា មានព្រះបន្ទូល ថា ក្នុងនាមអគ្គរាជទូតសុឆន្ទៈសហព័ន្ធកីឡារាំកម្ពុជា សូមប្តេជ្ញាចិត្តចូលរួមគាំទ្រ លើកស្ទួយកីឡារាំគ្រប់សកម្មភាព ដើម្បីជម្រុញឲ្យកីឡាមួយនេះ ល្បីល្បាញលើឆាកអន្តជាតិ នាំមកនូវមោទនភាពជាតិកម្ពុជា។

លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជា មានប្រសាសន៍ថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេស ទទួលបាននូវការចាប់អារម្មណ៍ចូលរួមគាំទ្រយ៉ាងច្រើន ពីយុវជន យុវនារី ហើយលទ្ធផល នៃការប្រកួតជាលក្ខណៈអន្តរជាតិ មានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។ បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិ មានការរីកចម្រើន ដែលបានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាត់ទុកថា ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម។

ពីព្រោះកីឡា កសាងមនុស្ស មនុស្សកសាងសង្គមជាតិ ។ អនុវត្តន៍តាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តនៃការអភិវឌ្ឍជាតិ ដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទ នៃការរីកចម្រើនកីឡានៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ដើម្បីឱ្យការធ្វើកំណែទម្រង់នេះ ទទួលបានជោគជ័យ លោកជំទា បានវសំណូមពរ ដល់អង្គការរដ្ឋកីឡា និងអង្គការសង្គមកីឡាបន្តខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ហើយលោកជំទាវ បានអំពាវនាវដល់វិស័យឯកជន ដៃគូរអភិវឌ្ឍន៍ សប្បុរសជន និងប្រជាជនសូមចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារៈ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗទាំងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅជោគជ័យ នៅស៊ីហ្គេម ឆ្នាំ២០២៣ ។ លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានថ្លែងថាការប្រកួតជើងឯកថ្នាក់ជាតិនេះ អាចដំណើរការបាន អាស្រ័យដោយទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបណ្តាសប្បុរសជននានា ជាពិសេសទទួលបានព្រះរាជព្រទ្យដ៏ថ្លៃថ្លាចំនួន ២.០០០ដុល្លារ ពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕