សមត្ថកិច្ច យកសាលក្រមកាត់ទោស លោក សម រង្ស៉ី និងបក្ខពួកសរុប៥នាក់ ទៅបិទនៅសាលា សង្កាត់ចាក់អង្រែលើ សាលាសង្កាត់ផ្សារដេប៉ូ២ និងសាលាសង្កាត់ដង្កោ

ភ្នំពេញ៖ សាលក្រមកាត់ទោស លោក សម រង្ស៉ី អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ និងបក្ខពួកសរុប៥នាក់ ក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ថ្មីទៀត ត្រូវបានសមត្ថកិច្ច យកទៅបិទនៅសាលាសង្កាត់ចាក់អង្រែលើ សាលាសង្កាត់ផ្សារដេប៉ូ២ និងសាលាសង្កាត់ដង្កោ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបិទលិខិត ឱ្យដំណឹងអំពីសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ នៅសាលាសង្កាត់ចាក់អង្រែលើ សាលាសង្កាត់ផ្សារដេប៉ូ២ និងសាលាសង្កាត់ដង្កោ ឱ្យដំណឹងដល់ពិរុទ្ធជន ចំនួន៥នាក់ (នៅកំពុងជាប់ឃុំ២នាក់) ដែលមានឈ្មោះ សម រង្ស៊ី ភេទប្រុស អាយុ៧២ឆ្នាំ, ឈ្មោះ ទុំ ប៊ុនថន (ហៅ សុខ) ភេទប្រុស អាយុ៤៥ឆ្នាំ, ឈ្មោះ ប៊ុត ប៊ុនតិញ ភេទប្រុស អាយុ៤១ឆ្នាំ, ឈ្មោះ អ៊ុក ឆុំ ភេទប្រុស អាយុ៧៥ឆ្នាំ (ជាប់ឃុំ) នឹងឈ្មោះ លាស់ ឆេងឡាយ ភេទប្រុស អាយុ៥២ឆ្នាំ(ជាប់ឃុំ) ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

លោក សម រង្ស៉ី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ត្រូចបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំទៀត នៅក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលលោកបានបង្ហោះហ្វេសបុកចោទប្រកាន់ញុះញង់លើ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្រៅពីកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំនេះ តុលាការក៏បានបង្គាប់ឱ្យ លោកសម រង្ស៉ី សងសំណងការខូចខាត និងជំងឺចិត្ត២ពាន់លានរៀល ទៅដើមបណ្តឹង។ បន្ថែមពីនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យសមត្ថកិច្ច តាមចាប់ខ្លួន លោក សម រង្ស៉ី មកផ្តន្ទាទោសតាមច្បាប់ ខណៈដែលទណ្ឌិតរូបនេះ បាន និងកំពុងរត់គេចខ្លួននៅក្រៅប្រទេស។ ទោះជាយ៉ាងនេះក្តី ក្នុងពេលប្រកាសសាលក្រមខាងលើ តុលាការក៏បានទុករយៈពេល១ខែ ឱ្យដើម្បីឱ្យសាមីខ្លួន ប្តឹងជំទាស់តាមផ្លូវច្បាប់ ទៅកាន់សាលាឧទ្ធរណ៍ផងដែរ។

ក្រៅពីកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ក្នុងសំណុំរឿងខាងលើនេះ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តុលាការក៏បានកាត់ទោស លោក សម រង្ស៉ី មួយករណីទៀត ឱ្យជាប់ពន្ធនាគារ២ឆ្នាំទៀតផងដែរនោះគឺករណីញុះញង់កុំឱ្យពលរដ្ឋសងបំណុលធនាគារ។

ទណ្ឌិត សម រង្ស៊ី មានសំណុំរឿងស្អែកស្កះនៅកម្ពុជា ដោយក្នុងនោះ មានទាំងសាលក្រមចូលជាស្ថាពរ និងបន្តនីតិវិធីមួយចំនួន។ ស្របពេលជាមួយគ្នានេះ កាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅ លោក ក៏ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស ប្រទេសបារាំង សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ផងដែរ តាមបណ្តឹង លោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner