ក្រសួង២សហការគ្នាបង្កើតថ្នាលបណ្ដុះបណ្ដាលនិស្សិតខ្មែរលើជំនាញបច្ចេកទេសសាធារណៈដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ក្រសួងចំនួន២គឺ ក្រសួង​អប់រំ យុវជន និងកីឡា សហការ​ជាមួយ​ក្រសួង​សារធារណការ និង​ដឹកជញ្ជូន ក្នុងនេះតាមរយៈ​វិទ្យាស្ថាន​តេជោសែន សារធារណការ និងដឹកជញ្ជូន និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​បង្កើត​ថ្នាល​បណ្ដុះបណ្ដាល​និស្សិត​ខ្មែរ​លើ​ជំនាញ​បច្ចេកទេស​សាធារណៈ​ក្នុងការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ឱ្យ​កាន់តែ​មាន​ការ​រីក​ចម្រើន​។

សូមបញ្ជាក់ថានា​កន្លង​មក​គេមិនទាន់​ឃើញ​មាន​គ្រឹះស្ថាន​ណាមួយផ្ដោត​លើ​ការ​បណ្ដុះបណ្ដាល​លើ​ជំនាញ​បច្ចេកទេស​សាងសង់​ស្ពាន ថ្នល់ កំពង់ផែ និង​ផ្លូវ​ដែកនៅឡើយទេ។

          បើយោងតាមផេកហ្វេសប៊ុករបស់ក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថាពិធី​ចុះ​អនុស្សរណៈ​យោគយល់គ្នា​នេះ​មានការចូលរួមពីសំណាក់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ លោក ​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និង​កីឡា ។

ប្រភពខាងលើនេះបានបញ្ជាក់ថា ការ​បង្កើត​ថ្នាល​បណ្ដុះបណ្ដាល​និស្សិត​ខ្មែរ​លើ​ជំនាញ​បច្ចេកទេស​សាធារណៈ​នេះ​ដែរ​គឺ​ដើម្បី​កូនខ្មែរ​ជំនាន់នេះ និង​ជំនាន់​បន្ត​បន្ទាប់​ទៀត មាន​សមត្ថភាព និង​ទំនុក​ចិត្ត​គ្រប់គ្រាន់​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​កម្ពុជា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ បន្ទាប់​ពី​បាន​បញ្ចប់​ការសិក្សា​នៅ​ក្នុង​វិទ្យាស្ថាននេះ។ ​

គួរបញ្ជាក់ថានៅក្នុងឆ្នាំសិក្សា២០២០-២០២១ នេះ វិទ្យាស្ថាន​តេជោសែន សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នឹង​ជ្រើសរើស​និស្សិត​ចំនួន ២០០នាក់ ដើម្បី​សិក្សា​នៅ​វិទ្យសា្ថន​តេជោសែន សាធារណការ និង​ដឹកជញ្ជូន ប៉ុន្តែ​ក្រសួង​ទាំង​ពីរ​កំពុង​ពិភាក្សា​លើ​ថ្លៃ​សិក្សា ឬ​ការ​ផ្ដល់​អាហារូបករណ៍។ ជាមួយ​គ្នា​នេះ ក្រសួង​នឹង​ខិតខំប្រឹងប្រែង​ស្វែងរក​មូលនិធិ​នានា​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ផ្ដល់​អាហារូបករណ៍​ជូន​និស្សិត​ដែល​ជួប​ការ​លំបាក ប៉ុន្តែ​មាន​សមត្ថភាព មាន​មហិច្ឆតា និង​មាន​ឆន្ទៈ​ខ្ពស់​ចង់​សិក្សា​ជំនាញ​នេះ នៅ​វិទ្យាស្ថាន​តេជោសែន សាធារណការ និង​ដឹកជញ្ជូន៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner