អគ្គិសនីកម្ពុជា ដាក់ឲ្យដំណើរការអនុស្ថានីយអគ្គិសនីត្បូងឃ្មុំ និងខ្សែបញ្ជូនតង់ស្យុង
ត្បូងឃ្មុំ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្តដាក់ឲ្យដំណើរការ អនុស្ថានីយអគ្គិសនីត្បូងឃ្មុំ តង់ស្យុង 230/115/22 គីឡូវ៉ុល ដែលមានទីតាំងស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ដែលបានសាងសង់ដោយក្រុមហ៊ុន TBEA មកពីប្រទេសចិន និងត្រួតពិនិត្យដោយវិស្វករអគ្គិសនីកម្ពុជា ដោយមានជំនួយពីទីប្រឹក្សាបច្ចេកទេស ពីអគ្គិសនីបារាំង (EDF) ។
លោក កែវ រតនៈ បញ្ជាក់ថា «អនុស្ថានីយអគ្គិសនីត្បូងឃ្មុំ ជាសមិទ្ធផលផ្លែផ្កាដែលបានពីកិច្ចសហការគ្នាយ៉ាងល្អរវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការ អភិវឌ្ឍន៍ (AFD) និងខ្សែបញ្ជូន២៣០ គីឡូវ៉ុល ជាសហប្រត្តិបត្តិការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលដៅរួមគ្នាអភិវឌ្ឍន៍វិស័យអគ្គិសនី ចូលរួមចំណែកក្នុងការបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា»។
ស្ថានីយអគ្គិសនីទី១ ដែលដាក់ឲ្យដំណើការក្នុងខេត្តត្បូងឃ្មុំ ដែលពីមុនការផ្គត់ផ្គង់អគ្គិសនីក្នុងខេត្ត ត្រូវយកពីខេត្តកំពង់ចាម ព្រៃវែង និងនាំចូល ពីវៀតណាម។ អនុស្ថានីយថ្មី នឹងផ្គត់ ផ្គង់ជូនខេត្តត្បូងឃ្មុំទាំងមូល ព្រមទាំងយកទៅជួយខេត្តព្រៃវែង តាមខ្សែបញ្ជូន ២៣០ គីឡូវ៉ុល សាងសង់ដោយក្រុមហ៊ុន CHMC មកពីប្រទេសចិន (ដាក់ដំណើរការដំបូងត្រឹម១១៥គីឡូវ៉ុល) ប្រវែង៤៥គីឡូម៉ែត្រថ្មី ហើយបន្តទៅខេត្តស្វាយរៀង តាមរយៈខ្សែបញ្ជូន អគ្គិសនីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល ដែលមានស្រាប់ ដែលមានកំលាំងសរុបប្រមាណ ១៥០ មេហ្កាវ៉ាត់ ។
ទន្ទឹមនិងការជួយបន្ថយថាមពលបាត់បង់លើខ្សែ ដោយសារការយកថាមពលបែកទៅខេត្តព្រៃវែង និងស្វាយរៀងមួយចំនួន ហើយ គឺបានទុកលទ្ធភាពបង្កើនថាមពលបញ្ជូនពីភាគខាងជើង មកជួយភ្នំពេញបន្ថែមទៀត។ អនុស្ថានីយ និងខ្សែបញ្ជូនថ្មី បង្កើតជាខ្សែបញ្ជូនកងសុវត្ថិភាពតង់ស្យុងខ្ពស់ រវាងខេត្តត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ ភ្នំពេញ និងព្រៃវែង ដែលបង្កើនស្ថេរភាព និងជួយគ្នាទៅវិញទៅមក៕








