ពូជស្រូវសែនក្រអូបចំនួន១០តោន ត្រូវបាននាំយកមកប្រគល់ជូនប្រជាពលរដ្ឋស្រុកបរិបូណ៌ ខេត្តកំពងឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ពូជស្រូវសែនក្រអូបចំនួន១០តោន ត្រូវបាននាំយកទៅប្រគល់ជូនប្រជាពលរដ្ឋក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង បានមានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ធ្វើស្រូវវស្សាក្នុងឆ្នាំនេះឱ្យបានច្រើនដើម្បី ផ្គត់ផ្គង់ ជីវភាពគ្រួសារនិងនាំចេញទៅក្រៅ ។
មានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីចែក ពូជស្រូវ សែនក្រអូបចំនួន ១០តោន ជូនប្រជាកសិករក្នុងស្រុកបរិបូណ៌កាលពីព្រឹកថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២០ នៅឃុំអញ្ចាញរូងស្រុកបរិបូណ៌ ។
សម្ដេចបានបន្តថាស្រូវពូជដែលបានចែកជូនបងប្អូននៅពេលនេះគឺឈ្មោះស្រូវពូជសែនក្រអូប សម្រាប់ឲ្យបងប្អូនយកទៅធ្វើការដាំដុះ ដើម្បីសម្រាប់ទទួលទានផង និងបន្តទុកពូជឆ្នាំក្រោយៗទៀត។ ជាមួយនឹងការដាំដុះនេះដែរសម្ដេចក៏បានផ្តាំផ្ញើឲ្យបងប្អូនយកចិត្តទុកដាក់ថែរក្សាដាក់ជីដាក់ទឹកគ្រប់គ្រង ឲ្យបានល្អដើម្បីបានទិន្នផលខ្ពស់។ ជាងនេះទៅទៀតសម្ដេចចៅហ្វាវាំង គង់ សំអុល នៅបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ ដោយលាងដៃ និងសាប៊ូ ឬអាកុលឲ្យបានញឹកញាប់ពិសេសការចំអិនអាហារត្រូវអោយបានឆ្អិនល្អដើម្បីចៀសវាងពីការឆ្លងជម្ងឺ កូវីត១៩ ។
តាមការអោយដឹងរបស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានឲ្យដឹងថាពូជស្រូវសែនក្រអូបដែលបានចែកជូនប្រជាកសិករចំនួន 10តោននៅស្រុកបរិបូណ៌នៅពេលនេះគឺមានចំនួន ៧ ឃុំគឺឃុំអញ្ចាញរូង ឃុំចក ឃុំពេជ្រចង្វា ឃុំផ្សារ ឃុំពពេល នឹងឃុំពន្លៃ ដែលមានប្រជាពលរដ្ឋចំនួន២៨០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជ ២៥គីឡូក្រាម ផងដែរ ។ បន្ថែមពីលើការចែកជូនពូជស្រូវសែននេះដែរសម្ដេច ចៅហ្វាវាំង គង់សំអុល ក៏បានចែកជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន សារុង1និងថវិកា ២ម៉ឺនរៀលផងដែរ៕ធ.ដ
ដោយ សុក្ខារិន