គោលនយោបាយជាតិ ៖ ដំឡូងមីនឹងជំរុញកម្ពុជាទៅកាន់ខ្សែសង្វាក់ទីផ្សារពិភពលោក
ដំណាំដំឡូងមីនឹងផ្ដល់ឱកាសដ៏ធំធេង ដើម្បីឱ្យកម្ពុជាឈានជើងចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថ្នាក់តំបន់ក្នុងនាមជាអ្នកផ្គត់ផ្គង់ដោយផ្ទាល់ផង និងជាអ្នកកែច្នៃផលិតផលពាក់កណ្ដាលសម្រេចផង ព្រមទាំងផលិតផលសម្រេចសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារសកលលោក។ នេះបើតាមការប្រកាសផ្សព្វផ្សាយជាផ្លូវការគោលនយោបាយជាតិស្តីពីដំឡូងមីឆ្នាំ2020-2025 របស់ក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ដំណាំដំឡូងមី គឺជាដំណាំកសិ-ឧស្សាហកម្ម និងជាផលិតផលនាំចេញដ៏សំខាន់របស់កម្ពុជាដែលបានរួមចំណែកពី3ទៅ4%នៃផលិតផលសរុប(ផ.ស.ស)។ គោលនយោបាយជាតិស្តីពីដំឡូងមីបង្កើតឡើងក្នុងបំណង និងគោលដៅធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងផលិត និងកែច្នៃដំឡូងមី និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។
នៅក្នុងឆ្នាំ2020 ការប្រមូលផល និងការផ្គត់ផ្គង់មើមដំឡូងមីស្រស់ចូលទីផ្សារពិភពលោកមានចំនួនរហូតទៅដល់ 12 លានតោន នៅក្នុងតំបន់អាស៊ីខាងកើត។ ក្នុងចំណែកនៃការផ្គត់ផ្គង់ទីផ្សារទាំងនេះ កម្ពុជាជាប្រទេសផលិតដំឡូងមីដ៏ធំ ដែលស្ថិតនៅលំដាប់ទី4 នៅក្នុងតំបន់អាស៊ី និងលំដាប់ទី10 នៅក្នុងពិភពលោក។ ដំឡូងមីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតាមទីជនបទ និងបង្កើតការងារថ្មី ក៏ដូចជាអភិវឌ្ឍន៍វិជ្ជាជីវៈនៅក្នុងការដាំដុះ ការប្រមូលផល ការកែច្នៃសម្រាប់ការនាំចេញ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានឱ្យដឹងថា៖« ក្នុងមួយឆ្នាំៗ វិស័យដំឡូងមីបានទទួលការវិនិយោគជា ទឹកប្រាក់ប្រមាណ 300 លានដុល្លារអាមេរិក ដោយមានផ្ទៃដីដាំដុះជាង 6ម៉ឺនហិកតា។ ក្នុងឆ្នាំ2019 កម្ពុជាបាននាំចេញដំឡូងមីស្រស់ ក្រៀម និងម្សៅប្រមាណ 3.30 លានតោន ដែលគិតជាទឹកប្រាក់មាន តម្លៃជាង 26.40លានដុល្លារអាមេរិក»។
ឯកឧត្តមបានបន្តថា ៖ «ដើម្បីទាញយកសក្តានុពលនៃវិស័យដំឡូងមី កម្ពុជាគួរតែធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃរបស់ខ្លួន ដោយពង្រឹងសមត្ថភាពដែលមានស្រាប់ និងបង្កើតសមត្ថភាពថ្មី ដើម្បីចាប់យកកាលានុវត្តភាពទីផ្សារ ដែលកំពុងរីកចម្រើនសម្រាប់កំណើនសេដ្ឋកិច្ចរួម និងពង្រីកសេដ្ឋកិច្ចក្នុងការចូលរួមដើម្បីសម្រេចគោលដៅរបស់រដ្ឋាភិបាលកម្ពុជាឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 និងកម្រិតខ្ពស់ឆ្នាំ2050»។
លោក នីក បេរ៉េសហ្វរ (Nick Beresford) តំណាង យូអ៊ិនឌីភី(UNDP)ប្រចាំកម្ពុជា ក៏បានលើកឡើងថា ដំណាំដំឡូងមីនឹងផ្ដល់ឱកាសដ៏ធំធេង ដើម្បីឱ្យកម្ពុជាឈានជើងចូលទៅក្នុងច្រវាក់ផ្គត់ផ្គង់ថ្នាក់តំបន់ក្នុងនាមជាអ្នកផ្គត់ផ្គង់ ដោយផ្ទាល់ផង និងជាអ្នកកែច្នៃផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេចផងសម្រាប់ទីផ្សារក្នុងស្រុង និងទីផ្សារសកលលោក។
ការរៀបចំខ្លួនជាយុទ្ធសាស្ត្របែបនេះផ្ដល់លទ្ធភាពឱ្យកម្ពុជាអាចបង្កើនពាណិជ្ជកម្ម និងការនាំចេញធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់លើកកម្ពស់កំណើនបរិយាបន្ននិងជំរុញការអភិវឌ្ឍដោយចីរភាព។
ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងខាងលើនយោបាយជាតិស្តីពីដំឡូងមីឆ្នាំ2020-2025 បានកំណត់នូវគោលដៅសំខាន់ៗដូចជា៖ទី1-ផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណី ឬគ្រួសារទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម ទី2- ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងទី3-ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្មតាមរយៈការជ្រៀតចូល និងចាប់យក ចំណែក ទីផ្សារ កែលម្អកិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយចំណាយ ដែលមិនចាំបាច់ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ។
សូមបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ2020 កម្ពុជាមានបរិមាណនាំចេញដំឡូងមីសរុប ចំនួន 7,203,128 តោន និងគិតជាតម្លៃផលិតផលសរុបមានចំនួន 1,108,315,881 ដុល្លារអាមេរិក ដោយមានផ្ទៃដីដាំដុះដំឡូងមីសរុបចំនួន 628,894 ហិកតា។ ក្នុងនោះទិន្នផលជាមធ្យមចំនួន 20.68 តោនក្នុងមួយហិកតា ដោយប្រមូលផលចំនួន12,041,812តោន ៕