ចំនួនអ្នកស្លាប់កើនដល់៣៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏កក្រើកវាយប្រហារឥណ្ឌូណេស៊ី (Video)
ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស៣៤នាក់បាត់បង់ជីវិត និងមនុស្សជាច្រើនរយនាក់បន្ថែមទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងកម្រិត៦.២រ៉ិកទ័រវាយប្រហារខេត្តស៊ូឡាវ៉េស៊ីខាងលិច ដែលស្ថិតនៅលើកោះ ស៊ូឡាវេស៊ី របស់ឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃសុក្រនេះតែម្តង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គ្រោះរញ្ជួយដីខាងលើ កើតឡើងនៅចំងាយ៦គីឡូម៉ែត្រពីភាគឦសាន្តទីក្រុង ម៉ាចេណេ ដោយមានជម្រៅរញ្ជួយទៅក្នុងដី១០គីឡូម៉ែត្រ ។ អ្នកស្រុករាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង និងកំពុងស្នាក់នៅទីកន្លែងសុវត្ថិភាពជាបណ្តោះអាសន្ន ។
ជាមួយគ្នានេះ សណ្ឋាគារមួយ និងការិយាល័យរបស់អភិបាលខេត្តដីកោះ ស៊ូឡាវេស៊ី ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយការផ្គត់ផ្គង់អគ្គិសនីក៏ត្រូវបានកាត់ផ្តាច់ផងដែរ ។ ដោយឡែកមន្ទីរពេទ្យមួយនៅតំបន់ ម៉ាមូជូ ក៏បានរងការបំផ្លិចបំផ្លាញផងដែរ ដែលជាហេតុធ្វើឲ្យអ្នកជំងឺទាំងអស់ជាប់គាំងនៅក្នុងអគារនោះរង់ចាំក្រុមជួយសង្គ្រោះ ៕


