យន្ដហោះដឹកអ្នកដំណើរធុនមធ្យម ARJ21 របស់ចិន មានផែនការពង្រីកប្រតិបត្តិការពាណិជ្ជកម្មទៅកាន់ទីផ្សារក្រៅប្រទេស
ចិន៖ យន្ដហោះដឹកអ្នកដំណើរធុនមធ្យម ARJ21 ត្រូវបានរំពឹងថា នឹងពង្រីកប្រតិបត្តិការពាណិជ្ជកម្មទៅកាន់ទីផ្សារក្រៅប្រទេស នេះបើតាមក្រុមហ៊ុនផលិតយន្ដហោះចិន កូម៉ាក់ (COMAC) ចុះផ្សាយដោយសារព័ត៌មានស៊ីនហួ ។
ថ្មីៗនេះក្រុមហ៊ុនចិន COMAC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនចិន CALC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន CE ស្ដីពីការលក់យន្ដហោះ ARJ21 ចំនួន៦០គ្រឿង ។ តាមរយៈកិច្ចព្រមព្រៀងនេះ យន្ដហោះ ARJ21 ចំនួន៣០គ្រឿងត្រូវបានបញ្ជាទិញរួចហើយ និង ៣០គ្រឿងទៀតស្ថិតក្នុងការពិចារណាទិញ ។
ក្រុមហ៊ុន CALC នឹងដាក់បង្ហាញយន្ដហោះ ARJ21 ចូលទីផ្សារអាស៊ាន ហើយបង្កើតមូលដ្ឋានប្រតិបត្តិការនៅឯនាយសមុទ្រសម្រាប់យន្ដហោះម៉ូឌែលនេះ ។ បន្ថែមលើនេះ ក្រុមហ៊ុន COMAC និងក្រុមហ៊ុន CALC ក៏បានសន្យាដែរថា នឹងសហការគ្នាលើការផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតផងដែរ ក្នុងនោះរួមមានការថែទាំយន្ដហោះ គ្រឿងបន្លាស់ និងហិរញ្ញវត្ថុជាដើម ៕


